JICA ជួយប្រាក់ ២២លានដុល្លារពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់

ថ្ងៃអង្គារ៍ ទី១៤ ខែធ្នូ​ ឆ្នាំ២០២១      ម៉ៅ សំណាង
ចែករំលែក
Views: 546
1

ខេត្តពោធិ៍សាត់ - គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់ ក្រោមហិរញ្ញប្បទានឥតសំណងប្រមាណជិត ២២លានដុល្លាររបស់ប្រទេសជប៉ុន បានបើកការដ្ឋានសាងសង់នៅថ្ងៃទីចន្ទម្សិលមិញ ។ គម្រោងសាងសង់នេះស្ថិតនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា ប្រជាជននៅទីប្រជុំជនក្នុងខេត្តនឹងទទួលបានទឹកស្អាតប្រើប្រាស់ពេញលេញ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានបញ្ជាក់ថា “បង្កើនការទទួលបានទឹកស្អាត ធ្វើឱ្យសេវាផ្គត់ផ្គង់ទឹកប្រកបដោយ ស្ថេរភាព និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់”

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្ងៃបើកកម្មវិធីសាងសង់ក្នុងខេត្តពោធិ៍សាត់ ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងឧស្សាហកម្ម បានឱ្យដឹងថា ដើម្បីសម្រេចគម្រោងខាងលើ ក្រសួងនឹងសាងសង់គម្រោងបីសំខាន់ៗ ដើម្បីពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ។ 

ទី១ សាងសង់ស្ថានីយបូមទឹកឆៅ ដែលមានសមត្ថភាពបូមទឹកបាន ៧.២៦០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៦.៦០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ។ សាងសង់អគាររដ្ឋបាល តំឡើងបំពង់បូមទឹកឆៅដែលមានប្រវែង ៨.៣គីឡូម៉ែត្រ និងបំពង់ចែកចាយទឹកស្អាតដែលមានប្រវែង ៧៥.៤គីឡូម៉ែត្រ ។

ទី២ ធ្វើលទ្ធកម្មសម្ភារមន្ទីរពិសោធន៍សម្រាប់ការវិភាគគុណភាពទឹក ឧបករណ៍ប្រើប្រាស់សម្រាប់គ្រឿងអគ្គីសនី ម៉ាស៊ីន និងមេកានិច សម្ភារ និងបរិក្ខារសម្រាប់ការតបណ្តាញចូលផ្ទះ រួមទាំងគ្រួសារក្រីក្រ ព្រមទាំងប្រព័ន្ធគ្រប់គ្រងគណនេយ្យ ។ និងទី៣ ផ្តល់ជាជំនួយបច្ចេកទេសសម្រាប់ប្រតិបត្តិការ និងគ្រប់គ្រងបរិក្ខារដែលបានសាងសង់ និងការគ្រប់គ្រងផលិតកម្ម ។

គម្រោងសាងសង់ដែលមានតម្លៃចំនួន ២.៤០៥ លានយ៉េន ឬស្មើនឹង ២១,៩លានដុល្លារ នឹងគ្រោងបញ្ចប់ការសាងសង់ត្រឹមខែសីហា ឆ្នាំ២០២៣ ។ ក្រោយបញ្ចប់ការសាងសង់ សមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកខេត្តពោធិ៍សាត់នឹងកើនដល់ចំនួន ១៣.៨៦០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ។

តាមរយៈគម្រោងខាងលើនេះ ក្រសួងឧស្សាហកម្មរំពឹងថានៅឆ្នាំ២០២៥ ប្រជាជននៅទីប្រជុំជនចំនួន ៨៦.១% និងប្រជាជនក្នុងតំបន់សេវាទឹកស្អាតរដ្ឋាករទឹកខេត្តពោធិ៍សាត់ចំនួន ៦៧.៩% នៃចំនួនប្រជាជនសរុបនឹងទទួលបានអត្ថប្រយោជន៍ ។ 

សូមជម្រាបថា នេះជាគម្រោងហិរញ្ញប្បទានឥតសំណងទី២ ដែលរដ្ឋាភិបាលជប៉ុនផ្តល់ដល់រដ្ឋាករទឹកខេត្តពោធិ៍សាត់ បន្ថែមលើគម្រោងទី១ ក្នុងឆ្នាំ២០១៤ ។ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំកម្ពុជា កំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ៕

 

អត្ថបទពេញនិយម