រដ្ឋមន្ត្រីក្រសួង​ការងារ​គាំទ្រអង្គការ ​Helen Keller​ អនុវត្តគម្រោង​សាកល្បង​លើកកម្ពស់​សុខភាព​ និងអាហារូបត្ថម្ភនៅតាមរោងចក្រ

ថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 391
1

ភ្នំពេញ - ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគាំទ្រចំពោះអង្គការ Helen Keller International ដែលអនុវត្តសាកល្បង​លើ​គម្រោ​ង​លើកកម្ពស់សុខភាព និងអាហារូបត្ថម្ភនៅតាមបណ្តារោងចក្រមួយចំនួន ព្រមទាំងស្នើឱ្យមានការរៀបចំជាអនុស្សរណៈនៃការ​យោគយល់គ្នារវាងក្រសួងការ​ងារ​ ​និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយអង្គការ ដើម្បីធ្វើឱ្យគម្រោងនេះអនុវត្តមាន​ប្រសិទ្ធភាពនិងសម្រេចលទ្ធផលរួម  

 

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍គាំទ្រនេះ នៅក្នុងជំនួបអ្នកស្រី Gwyneth Cotes នាយិកាប្រចាំប្រទេសកម្ពុជា នៃអង្គការហេឡែនខេលល័រអន្តរជាតិ និងក្រុមការងារ កាល​ពី​ថ្ងៃ​ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ នៅទីស្តីការក្រសួងការងារ ​និង​បណ្តុះបណ្តាលវិជ្ជាជីវៈ  

 

 

សាកល្បងលើគម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភនៅកន្លែងធ្វើការនេះ ផ្តោតសំខាន់លើការអប់រំដល់បុគ្គលិក កម្មករ កម្មការិនី អំពីសារៈសំខាន់នៃអាហារូបត្ថម្ភ បង្ហាញពីអត្ថប្រយោជន៍ការបរិភោគអាហារចម្រុះ ការថែទាំសុខភាពពេលលំហែមាតុភាព និងក្រោយសម្រាលកូន ព្រមទាំងការអប់រំស្ដីពីការចិញ្ចឹមទារក និងកុមារតូចអំឡុងពេលធ្វើការ 

 

អ្នកស្រី Gwyneth Cotes នាយិកាអង្គការហេឡែនខេលល័រអន្តរជាតិ បានជម្រាបជូនលោករដ្ឋមន្ត្រីថា អង្គការហេឡែនខេលល័រ ជាអង្គការមនុស្សធ៌មមិនមែនរដ្ឋាភិបាល ដែលបានកំពុងអនុវត្តកម្មវិធីលើកកម្ពស់សុខភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទនៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម ក្រសួងផែនការ ក្រសួងអប់រំ យុវជន និងកីឡា និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត 

 

នាយិកាអង្គការហេឡែនខេលល័រអន្តរជាតិ មានប្រសាសន៍បបន្តទៀតថា បច្ចុប្បន្នអង្គការហេឡែនខេលល័រកំពុងរៀបចំដំណើរការសាកល្បងគម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភស្ត្រី និងកុមារនៅតាមបណ្តារោងចក្រមួយចំនួន តាមរយៈការគាំទ្រថវិការបស់គម្រោង GIZ-MUSEFO ដើម្បីរួមចំណែកលើកកម្ពស់សុខភាព ផលិតភាព និងសេដ្ឋកិច្ចកម្ពុជា  

 

កម្មវិធីនេះនឹងផ្តោតលើការអប់រំដល់បុគ្គលិក កម្មករ-កម្មការនីអំពីសារៈសំខាន់នៃសុខភាព និងអាហារូបត្ថម្ភ ដូចជា សារៈសំខាន់នៃអាហារូបត្ថម្ភក្នុងការលើកកម្ពស់សុខភាព និងការពារជំងឺផ្សេងៗអត្ថប្រយោជន៍ការបរិភោគអាហារចម្រុះ ដែលមានសារជាតិចិញ្ចឹមខ្ពស់ដើម្បីសុខភាព និងថាមពលមាំមួន ការថែទាំសុខភាពពេលលម្ហែមាតុភាព និងក្រោយសម្រាលកូន ការអប់រំស្តីពីការចិញ្ចឹមទារក និងកុមារតូចក្នុងកំឡុងពេលធ្វើការដើម្បីឲ្យកូនរបស់ពួកគេមានសុខភាពល្អ និងក្លាយជាពលរដ្ឋមានសក្តានុពលប្រកបដោយផលិតភាពខ្ពស់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិនាពេលអនាគត 

 

សូមជម្រាបថា នៅក្នុងជំនួបនោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអង្គការហេឡែនខេលល័រ ដែលបានចាប់ផ្តើមធ្វើសកម្មភាពរបស់ខ្លួនតាំងពីឆ្នាំ១៩៩២ មកម្ល៉េះ ក្នុងបុព្វហេតុរួមចំណែកអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា  ការចូលរួមនេះ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកអង្គការក្រៅរដ្ឋាភិបាលជាដៃគូសង្គមមួយដែលមិនអាចខ្វះបាន  ភាពជាដៃគូរវាងរដ្ឋាភិបា​ និងអង្គការក្រៅរដ្ឋាភិបាលនេះ ជួយជំរុញបន្ថែមដល់និរន្តភាពសកម្មភាពរបស់អង្គការតទៅមុខទៀត 

អត្ថបទពេញនិយម