អគ្គនាយក​ដ្ឋានគយចេញវិធាន​ការបណ្ដោះអាសន្នលើការនាំចូលមីកញ្ចប់ ​និងការ៉េម ៣ម៉ាក សង្ស័យផ្ទុក​​សារធាតុ​ប៉ះពាល់​​សុខភាព

ថ្ងៃអង្គារ៍ ទី០២ ខែសីហា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 936
1

ភ្នំពេញ - អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដាក់ចេញនូវវិធានការបណ្ដោះអាសន្នលើការនាំចូលមីកញ្ចប់ និងការ៉េម ចំនួន៣ម៉ាកដែល​ផលិត​នៅ​​ប្រទេស​ថៃ វៀតណាម និងបារាំង ក្រោយសង្ស័យថាមានផ្ទុក​សារ​ធាតុ​​អេទី​ឡែន​អុកស៊ីត (Ethylene Oxide) ដែលអាច​បង្កហានិភ័យ​ផ្នែក​សុខភាពដល់ អ្នកប្រើប្រាស់។

ក្នុងលិខិតជម្រាបជូនដំណឹងទៅកាន់លោក លោកស្រី ប្រធាននាយកដ្ឋាន សាខា និងការិយាល័យគយ និងរដ្ឋាករពាក់ព័ន្ធ កាលពីថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាន​បញ្ជាក់ថា អាជ្ញាធរសុវត្ថិភាពម្ហូបអាហាររបស់ប្រទេសនៅ​សហគមន៍អឺរ៉ុប​មួយ​ចំនួន បានរកឃើញ​លើ​ផលិត​ផលមីកញ្ចប់ និងការ៉េមមួយចំនួន មានផ្ទុកសំណល់សារធាតុ​អេទី​ឡែន​​អុកស៊ីត (Ethylene Oxide) ដែលសហ ភាពអឺរ៉ុប អាមេរិក និងអង្គការសុខភាពពិភព​លោក​ចាត់ទុកថា ជាសារធាតុបង្កហា​និភ័យជាជំងឺ​មហារីកចំពោះអ្នកប្រើប្រាស់។

ជាមួយគ្នានេះ ដើម្បីចូលរួមការពារសុខភាពសាធារណៈសុវត្ថិភាពម្ហូបអាហារ និងការពារសុខុមាលភាព​អ្នកប្រើប្រាស់ អគ្គនាយកដ្ឋានគយ បាន​​ណែនាំ​បណ្តោះអាសន្ន ដោយតម្រូវចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០​២២ តទៅ រាល់ការនាំចូលទំនិញជាមីកញ្ចប់ម៉ាក «Lucky Me!» ផលិត​នៅប្រទេសថៃ, មីកញ្ចប់​ម៉ាក «Háo Háo» ផលិតនៅប្រទេសវៀតណាម និងការ៉េមម៉ាក «Häagen-Dazs» (Vanilla) ផលិតនៅ​​ប្រទេស​បារាំង ដូចមានបរិយាយលម្អិតក្នុងបញ្ជីភ្ជាប់មកជាមួយលិខិតនេះ ត្រូវមានអមមកជាមួយនូវវិញ្ញា​បន​បត្របញ្ជាក់​ការវិភាគសារធាតុ Ethylene Oxide ពីស្ថាប័នមានសមត្ថកិច្ចត្រួតពិនិត្យសុវត្ថិភាពម្ហូប​អាហារ​នៃប្រទេសនាំចេញ។

ដោយឡែក ចំពោះទំនិញដែលមកដល់ដែនគយមុនថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ អ្នកនាំចូល​ត្រូវដក​សំណាកទំនិញធ្វើការវិភាគសារធាតុ Ethylene Oxide នៅ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម មុន​ពេល​អនុញ្ញាត​​​ឱ្យបញ្ចេញ​ទំនិញពីគយ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា  ក៏ណែនាំឲ្យ​នាយកដ្ឋានសវនកម្មគយត្រូវធ្វើកា​តាមដាននិងវាយ​តម្លៃហា​និភ័យ​លើផលិតផល​ទាំង​នេះ​ជាប្រចាំ​​ដើម្បីលើកវិធានការអនុវត្តឱ្យបានទាន់ពេលនិងមាន​ប្រសិទ្ធភាព។ រីឯ​មន្រ្តីគយ និងរដ្ឋាករមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់​ផ្ទៀង​​ផ្ទាត់​ព័ត៌មាន និងទិន្នន័យ​ដែលប្រកាសក្នុងឯកសារជាមួយនឹងទំនិញជាក់ស្ដែងដើម្បីជៀសវាងការបន្លំនាំចូលដោយគេចវេសពីវិធាន​ការខាងលើជាយថាហេតុ។

 

 

អត្ថបទពេញនិយម