រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ
ខេត្តកំពង់ស្ពឺ - រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីអបអរសាទរជ័យលាភីខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ឬខេត្ត ODF ទី៤ នៅកម្ពុជា បន្ទាប់ពីខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តកណ្តាល ។ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ខេត្តកំពង់ស្ពឺបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលជាសមិទ្ធផលដ៏ធំមួយសម្រាប់ខេត្ត ប៉ុន្តែនៅមានការងារជាច្រើនទៀតដែលអ្នកពាក់ព័ន្ធត្រូវចូលរួមធ្វើបន្ត នោះគឺការធានាថា បរិក្ខាទឹកស្អាត និងអនាម័យទាំងអស់មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ។
ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់បន្ថែម ៖ “យើងត្រូវធានាថា គ្រួសារទាំងអស់មានបង្គន់អនាម័យ និងប្រើប្រាស់បង្គន់អនាម័យគ្រប់គ្នា ដើម្បីសម្រេចបានសេវាអនាម័យកម្រិតមូលដ្ឋានជាសកល និងរក្សាបាននិរន្តភាពនៃសេវាអនាម័យ ។ យើងត្រូវការមួយជំហានទៀតដើម្បីសម្រេចបានសេវាគ្រប់គ្រងអនាម័យប្រកបដោយសុវត្ថិភាព លើសពីការប្រើប្រាស់បង្គន់ទៅជាការគ្រប់គ្រងកាកសំណល់លាមក។”
ស្របនឹងការលើកឡើងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានឱ្យដឹងទៀតថា ដើម្បីធានាថាបរិក្ខាទឹកស្អាត និងអនាម័យទាំងអស់មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ កិច្ចការទាំងនេះតម្រូវឱ្យអ្នកដឹកនាំតំបន់នីមួយៗ មានភាពជាអ្នកដឹកនាំ ចេះកសាងសមត្ថភាព បច្ចេកវិទ្យា និងគំនិតផ្តួចផ្តើមថ្មីៗរួមគ្នាក្នុងចំណោមអ្នកពាក់ព័ន្ធទាំងអស់ ។
រដ្ឋបាលខេត្តកំពង់ស្ពី បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ចំនួនខ្នងផ្ទះដែលមានទឹកស្អាតហូបនិងប្រើប្រាស់មានចំនួន ១៤២.៦៤៦ខ្នង ដែលមានអត្រាគ្របដណ្ដប់ការផ្គត់ផ្គង់ទឹកស្មើនឹង៧៣% ។ ក្នុងនោះអណ្ដូងស្នប់ចំនួន ៤.៦៥៤អណ្តូង, អណ្ដូងលូចំនួន ៣.៧០៤អណ្តូង, ស្រះសហគមន៍ចំនួន ១.៧៣២ស្រះ, អាងត្រងទឹកភ្លៀងសរុបចំនួន ២.៤៧៣អាង, ប្រព័ន្ធចែកចាយទឹកចំនួន ៧៤កន្លែង, ស្ថានីយ៍បន្សុទ្ធទឹកស្អាតសរុបចំនួន ២២កន្លែង ។
ចំណែកការងារលើកកម្ពស់អនាម័យជនបទនៅក្នុងខេត្តកំពង់ស្ពឺ រួមមាន ខ្នងផ្ទះដែលមានបង្គន់អនាម័យប្រើប្រាស់ចំនួន ១៨២.៤៩៩ខ្នងនៃចំនួនខ្នងផ្ទះសរុប ១៩៥.៤០៦ខ្នង ។ ខ្នងផ្ទះប្រើបង្គន់អនាម័យរួម ១២.៩០៧ខ្នង (ក្នុងនោះខ្នងផ្ទះក្រីក្រ៥.៤០៤) ។ ចំនួនខ្នងផ្ទះបានលាងសម្អាតដៃនឹងសាប៊ូស្មើនឹង១០០% នៃចំនួនខ្នងផ្ទះសរុប ។
តាមព័ត៌មានពីរដ្ឋបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា ស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលមុនគេ គឺស្រុកបសេដ្ឋ នៅឆ្នាំ២០១៩ និងស្រុកក្រុងច្បារមន នៅឆ្នាំ២០២១ និងស្រុកចំនួនប្រាំមួយទៀត រួមមាន ស្រុកគងពិសី, ស្រុកឱរ៉ាល់, ស្រុកភ្នំស្រួច, ស្រុកឧដុង្គ, ស្រុកសំរោងទង, និងស្រុកថ្ពង ទទួលបាន ODF នៅដំណាច់ឆ្នាំ២០២២ ។ ថ្មីៗនេះខេត្តកំពង់ស្ពឺ ក៏ទទួលបានពានរង្វាន់អាស៊ានពីប្រទេសឥណ្ឌូនេស៊ី គឺនៅឃុំយាយម៉ៅពេជ្យនិល ស្រុកភ្នំស្រួច (បង្គន់អនាម័យស្អាត) ៕