លោក ម៉ៅ សំណាង អ្នកសារព័ត៌មានទឹកស្អាតនិងអនាម័យ ទទួលជ័យលាភីលើកកម្ពស់អាហារូបត្ថម្ភ
ភ្នំពេញ - លោក ម៉ៅ សំណាង អ្នកសារព័ត៌មាន Mongkol Media ជាប់ចំណាត់ថ្នាក់លេខ១ ប្រកួតអត្ថបទលើកកម្ពស់អាហារូបត្ថម្ភ រៀបចំដោយអង្គការ Helen Keller និងគម្រោង MUSEFO នៃអង្គការ GIZ សហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ប្រព្រឹត្តិទៅនៅសណ្ឋាគាភ្នំពេញ ។
នៅក្នុងអង្គសិក្ខាសាលាស្តីពីសារព័ត៌មានអាហារូបត្ថម្ភ កាលពីថ្ងៃ២២ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ លោក ម៉ៅ សំណាង មកពីស្ថាប័នព័ត៌មាន AMS និងតំណាងឱ្យអ្នកសារព័ត៌មានទទួលជ័យលាភីសរសេរទាំងអស់ បាននិយាយថា ការចូលរួមរបស់អ្នកសារព័ត៌មាននៅក្នុងដំណើរការចងក្រងនិងផ្សព្វផ្សាយព័ត៌មានស្តីពីអាហារូបត្ថម្ភ សន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងរបបអាហារសុខភាព គឺជាផ្នែកសំខាន់ដែលជួយពន្លឿនការងារលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជាតាមរយៈកិច្ចការសារព័ត៌មាន និងការងាររបស់អ្នកជំនាញ ។
លោក ម៉ៅ សំណាង យល់ឃើញថា ៖ “តាមរយៈចំណេះដឹងដែលខ្ញុំទទួលបាននិងការចែករំលែកបទពិសោធពីវាគ្មិនជំនាញ ខ្ញុំយល់ថា អ្នកសារព័ត៌មានអាចសរសេរប្រធានបទព័ត៌មានពាក់ព័ន្ធនឹងចំណេះដឹងអាហារូបត្ថម្ភ ឬក៏សុវត្ថិភាពចំណីអាហារបានច្រើនបន្តទៀត ហើយសកម្មភាពទាំងនេះ នឹងធ្វើឱ្យអ្នកសារព័ត៌មានកម្ពុជាផ្សេងទៀតចូលរួមកាន់តែច្រើន ជាពិសេសផ្ដោតសំខាន់ទៅលើការលើកកម្ពស់សុខុមាលភាព របស់ស្ត្រីនិងកុមារ” ។
ការប្រកួតប្រជែងសរសេរព័ត៌មានពានរង្វាន់ជើងឯកអាហារូបត្ថម្ភជុំទី១ ខ្លឹមសារអត្ថបទផ្តោតទាក់ទងនឹងបញ្ហាអាហារូបត្ថម្ភ សុខភាពសាធារណៈ សន្តិសុខស្បៀងនិងកសិកម្ម និងរបបអាហារសុខភាពជាដើម ។ លទ្ធផលនៃការប្រកួតប្រជែងនេះ មានអ្នកសារព័ត៌មានចំនួន ០៩នាក់ទទួលបានជ័យលាភី ដោយចំណាត់ថ្នាក់លេខ១ រួមមានស្ថាប័នសារព័ត៌មាន AMS Education និង Mongkol Media, ស្ថាប័នព័ត៌មាន The Khmer Times, និងស្ថាប័នព័ត៌មាន The Plus News ។
ចំណាត់ថ្នាក់លេខ២ រួមមាន អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានៃក្រសួងព័ត៌មាន, ស្ថានីយ៍ទូរទស្សន៍ PNN, និងសារព័ត៌មានឌីជីថល Khmernas ។ ចំណែកចំណាត់ថ្នាក់លេខ៣ រួមមាន សារព័ត៌មាន Youth21, FYNews, និងកាសែត Phnom Penh Post ។ រង្វាន់សម្រាប់អ្នកទទួលបានជ័យលាភីលេខ១ ទទួលបានកុំព្យូទ័រយួរដៃ ០១គ្រឿង លេខ២ ទទួលបាន អាយថែត (Ipad) ០១គ្រឿង និងលេខ៣ ទទួលបានឧបករណ៍ថតសំឡេងម្នាក់ ០១គ្រឿង ។
សូមជម្រាបថា ការប្រកួតអត្ថបទសារព័ត៌មាននៅជុំទី១ ធ្វើឡើងរយៈពេល៣ខែ ចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ចាប់តាំងពីអ្នកសារព័ត៌មានទទួលបានការបណ្តុះបណ្តាលពីការរាយការណ៍ព័ត៌មានស្តីពីអាហារូត្ថម្ភកាលពីចុងខែធ្នូ ឆ្នាំ២០២១ ។ ការប្រកួតប្រជែងនេះមានសារព័ត៌មាន ៣០ស្ថាប័នបានចូលរួមចងក្រងអត្ថបទ និងបានផ្សព្វផ្សាយព័ត៌មានចំនួន ២០៨ អត្ថបទពាក់ព័ន្ធនឹងអាហារូបត្ថម្ភនៅកម្ពុជា ៕