សម្តេចនាយករដ្ឋមន្ត្រី ៖ ទុកដាក់សំរាមបានត្រឹមត្រូវ ជួយលើកកម្ពស់អនាម័យ​បរិស្ថាននិងសុខភាពសម្រាប់​ទាំងអស់គ្នា

ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 447
1

ភ្នំពេញ - មានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមា​ន​ជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារ៍កន្លងទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ១ថ្ងៃនៅរាជធានីភ្នំពេញមានសំរាមប្រមាណ ៣ពាន់តោន ។ ទន្ទឹ​ម​គ្នានេះ ​សម្តេចតេជោ​បានអំពាវនាវដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងអ្នកមកលេងភ្នំពេញត្រូវប្រកាន់ខ្ជាប់អនាម័យ និង​ចេះ​ទុក​ដាក់​សំរាម​ផ្ទាល់​ខ្លួន​​ឱ្យ​បាន​ត្រឹមត្រូវ ។ 

 

សម្តេច​តេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ប្រជាពលរដ្ឋនៅភ្នំពេញ ត្រូវចេះញែកសំរាមរឹង និងសំរាមរាវឱ្យបានច្បាស់លាស់ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ទុក​ដាក់​សំរាម​ឱ្យមានអនាម័យ និងមានសណ្ដាប់ធ្នាប់ ជាពិសេសត្រូវខិតខំទាំងអស់គ្នា ដើម្បីកាត់បន្ថយសំរាមហូរចូលលូ ប្រឡាយ និងទន្លេ ។

 

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមា​ន​ជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារ៍ ទី២២ ខែកុម្ភៈកន្លងទៅ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា ៖ “ឥលូវនេះ​សំរាមក្នុងរាជធានីភ្នំពេញក្នុងមួយថ្ងៃ គឺមានប្រមាណ ៣ពាន់តោន … អ្វី​ដែល​ជា​បញ្ហាក​ង្វ​ល់​របស់​យើង គឺបញ្ហាប្រជាពលរដ្ឋរបស់យើងមិនព្រមរៀបចំសម្អាតអនាម័យ ទុកដាក់ឱ្យបានត្រឹមត្រូវ តាមរយៈការប្រមូលសំរាមនេះ …”

 

បន្ថែមលើនេះ សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់ប្រជាពលរដ្ឋរួមគ្នាធ្វើយ៉ាងណាកុំឱ្យថង់ប្លាស្ទិក ឬសំរាមនានាហូរចូលទៅក្នុងទន្លេ ហូរចូលបឹង ចូ​ល​ទៅ​ក្នុងលូរ ដោយខិតខំទាំងអស់គ្នា ដើម្បីទីក្រុងស្អាតសម្រាប់ទាំងអស់គ្នា ។

 

សូមជម្រាបថា នាឱកាសនោះសម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរដល់​រដ្ឋបាលរាជធានីភ្នំពេញ ដែល​បាន​សហ​ការ​ជាមួយ​អង្គ​ការ​ចៃកា​រ​ប​ស់​ជ​ប៉ុ​ន​ ក្នុង​សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ។ វត្តមានស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក មានទំហំជាងបីហិចតានាពេលនេះ កើត​ចេញ​ពី​ទំនាក់​ទំនង​ល្អរវាងកម្ពុជា និងជប៉ុន ដែលឆ្នាំ២០២៣ ខាងមុខនេះ ជាខួប ៧០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ ៕ 

អត្ថបទពេញនិយម