ថ្នាក់ដឹកនាំទឹកនិងអនាម័យក្រោមជាតិ ២៥រាជធានី-ខេត្តប្រជុំពិភាក្សាពន្លឿនលទ្ធផល ODF ១០០% នៅត្រឹមឆ្នាំ២០២៥

ថ្ងៃពុធ ទី០៦ ខែមេសា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 693
1

ព្រះសីហនុ - ថ្នាក់ដឹកនាំក្រោមជាតិលើវិស័យទឹកស្អាតនិងអនាម័យមកពី ២៥រាជធានី-ខេត្ត និងតួអង្គពាក់ព័ន្ធទាំងអស់បានប្រជុំពិភាក្សាពីវឌ្ឍនភា​ព​ស្ថានភាពការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) កម្ពុជា នាព្រឹកថ្ងៃពុធនេះ នៅសណ្ឋាគារឆ្នេរសុខាអូតែល ខេត្តព្រះសីហនុ ។ 

កិច្ចពិភាក្សាពីស្ថានភាពការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលកម្ពុជានេះ រៀបចំឡើងក្នុងគោលបំណងឆ្លុះបញ្ជាំងពីវឌ្ឍនភាពនិងស្ថានភាព ការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅសហគមន៍នៃរាជធានី និងខេត្តនីមួយៗ ស្របតាមការកំណត់យុទ្ធសាស្រ្តក្នុងផែនការសកម្មភាពជាតិ (NAP2) និងការតាំងចិត្តរបស់រាជធានីខេត្ត ដើម្បីពន្លឿនលទ្ធផលសម្រេចបាន ODF ១០០% នៅសហគមន៍។

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាតំណាងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ឆ្នាំ២០២២នេះ ដោយមានកិច្ចសហការគាំទ្រពីអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា អង្គការវ័តធ័រអេដ ក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំកិច្ចប្រជុំកំពូលថ្នាក់ក្រោមជាតិ ដើម្បីពន្លឿនលទ្ធផលការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាលកាលនៅកម្ពុជា ។

ស្របគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ មានប្រសាសន៍បញ្ជាក់ថា ការទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងសេវាអនាម័យ ជាអាទិភាពមួយក្នុងចំណោមអាទិភាពសម្រាប់ការអភិវឌ្ឍន៍ជនបទ ជាពិសេសយកចិត្តទុកដាក់ក្នុងការប្រមូលផ្តុំធនធាន ព្រមទាំងសក្តានុពលគ្រប់យ៉ាង ដើម្បីឈានទៅសម្រេចឱ្យបាននូវទស្សនៈវិស័យ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាទី៦ ។ ទន្ទឹមគ្នានេះ កម្ពុជាបានកំណត់ឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបដែលរស់នៅតំបន់ជនបទ មានសេវាទឹកស្អាតប្រើប្រាស់ និងមានសេវាអនាម័យល្អបញ្ឈប់បន្ទោបង់ពាសពាលពាសកាល ។

“វត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី គឺជាសក្ខីភាពនៃការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យទឹកស្អាតនិងអនាម័យជនបទដែលជាការងារដ៏មានសារសំខាន់បំផុតក្នុងការចូលរួមលើកកម្ពស់គុណភាពនិងគុណតម្លៃនៃការរស់នៅរបស់ប្រជាជនជនបទ តាមរយៈការរួមគ្នាជំរុញការអនុវត្តយុទ្ធសាស្រ្តនិងគោលនយោបាយអភិវឌ្ឍន៍ជនបទ របស់រាជរដ្ឋាភិបាលក្នុងគោលដៅធ្វើឱ្យមានការវិវត្តជាវិជ្ជមាននូវស្ថានភាពសេដ្ឋកិច្ច-សង្គម នៅតំបន់ជនបទកម្ពុជា”។ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ។ 

ទន្ទឹមគ្នានេះដែរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា កិច្ចប្រជុំកំពូលថ្នាក់ក្រោមជាតិដើម្បីពន្លឿនការបញ្ឈប់ការបន្ទោបង់ពាសវាលពាលកាលនៅកម្ពុជា នឹងចូលរួមចំណែកលើកកម្ពស់ស្ថានភាពអនាម័យទូទាំងប្រទេសឱ្យកាន់តែប្រសើរ ។ ត្បិតខេត្តព្រះសីហនុទាំងមូលពុំទាន់ទទួលលទ្ធផលការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាលកាលទាំងស្រុងស្របតាមគោលដៅ ប៉ុន្តែរដ្ឋបាលខេត្តនឹងបន្តសកម្មភាពការងារនេះជាបន្តបន្ទាប់។  

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ៖ “ខ្ញុំអាចនិយាយបានថា អនាម័យខេត្តព្រះសីហនុទាំងមូលមិនទាន់ដល់កំពូលកម្រិត១០០% ប៉ុន្តែបើនិយាយពីស្ថានភាពអនាម័យនៅក្នុងក្រុងព្រះសីហនុ និងតំបន់ឆ្នេរសមុទ្រវិញ ខេត្តសីហនុបានរៀបចំយ៉ាងល្អដើម្បីបម្រើដល់តម្រូវការប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ខេត្តនឹងបន្តធ្វើការងារលើកកម្ពស់ការងារទឹកស្អាត និងអនាម័យនៅតាមសហគមន៍ ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល”។ 

សូមជម្រាបថា កិច្ចប្រជុំប្រធានក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត ការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ រៀបចំឡើងនៅខេត្តព្រះសីហនុនៅពេលនេះ រំពឹងថា រាជធានីខេត្តទាំងអស់នឹងពន្លឿនសកម្មភាពបញ្ឈប់ការបន្ទោបង់ពាសវាលពាលកាលឱ្យបានខ្ពស់ សិក្សាពីបញ្ហាប្រឈមនានា និងឯកភាពលើការកំណត់ឡើងវិញនូវគោលដៅ ODF ឆ្នាំ២០២៣ សម្រាប់ក្របខ័ណ្ឌរាជធានី ខេត្ត និងក្របខ័ណ្ឌជាតិ។ 

គួររំលឹកថា ផ្អែកតាមផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យនៅជនបទ ២០១៩-២០២៣ (NAP2) បានដាក់ចេញគោលដៅយុទ្ធសាស្រ្តសម្រេចឱ្យបានស្ថានភាពបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅកម្រិតសហគមន៍ឱ្យបានច្រើនតាមដែលអាចទៅធ្វើបាន ដើម្បីឈានទៅសម្រេចបាន ODF ក្នុងក្របខ័ណ្ឌរាជធានី ខេត្តនីមួយៗ ។  ការបញ្ឈប់ការបន្ទោបង់ពាសវាសពាសកាលនៅសហគមន៍ ជាពិសេសនៅតាមតំបន់ជនបទ គឺជាសូចនាករមួយដ៏សំខាន់មួយបង្ហាញពីការផ្លាស់ប្តូរឥរិយាបថវិជ្ជមានរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការប្រតិបត្តិអនាម័យល្អ ដែលជាការរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ និងជាជំហានឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦.២ របស់កម្ពុជា ។ 

ដើម្បីឆ្លើយតបគោលដៅអភិវឌ្ឈន៍ប្រកបដោយចីរភាពទី៦.២ ក៏ដូចគោលដៅជាយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (NSDP 2019-2023) របស់រាជរដ្ឋាភិបាលកម្ពុជា និងចក្ខុវិស័យនៃវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ។ តាមរយៈផែនការសកម្មភាពជាតិលើកទី២ (NAP2) នេះ ក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ចេញគោលដៅដល់ឆ្នាំ ២០២៣ ត្រូវសម្រេចឱ្យបាន ODF ៣ខេត្តក្នុងចំណោម ២៥រាជធានីនិងខេត្ត, ODF ៣០ស្រុកក្នុងចំណោម ១៦២ស្រុក, ៦០០ ODFឃុំ ក្នុងចំណោម ១.៤០៥ឃុំសង្កាត់ និង ODF ១២.៧០០ភូមិក្នុងចំណោម ១៤.៣៨៣ភូមិ ៕

 

អត្ថបទពេញនិយម