កម្ពុជាបានបដិភាគថវិកាប្រមាណ ២,៣% នៃ GDP សម្រាប់សកម្មភាពបម្រែបម្រួលអាកាសធាតុសកល

ថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 418
1

អេហ្ស៊ីប - នាថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកាកន្លងទៅ នៅសន្និសីទកំពូលលើកទី២៧ ស្តីពីការប្រែប្រួលអាកាសធាតុ ឬ COP27 របស់អង្គការសហប្រជាជាតិ ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជាបានបដិភាគថវិកាប្រមាណ ២,៣% នៃ GDP សម្រាប់សកម្មភាពប្រែប្រួលអាកាសធាតុ ។ 

 

 

ការចូលរួមសន្និសីទកំពូល COP27 របស់រដ្ឋមន្ត្រីបរិស្ថានកម្ពុជា និងប្រតិភូជាន់ខ្ពស់ នៅទីក្រុង Sharm el-Sheikh សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប កម្ពុជាក៏បានអំពាវនាវឱ្យប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ បង្ហាញភាពជាអ្នកដឹកនាំ និងទទួលខុសត្រូវខ្ពស់លើការកាត់បន្ថយការឧស្ម័នផ្ទះកញ្ចក់ និងបង្កើនវិធានការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ។

 

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុកំពុងញាំញីដល់ដំណើរការអភិវឌ្ឍន៍ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទ្រព្យសម្បត្តិ និងជីវិតមនុស្សសត្វ ។ ប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ ត្រូវប្តេជ្ញាចិត្តផ្តល់ថវិកា ១០០ពាន់លានដុល្លារសហរដ្ឋអាម៉េរិកតាមការសន្យាឱ្យបានលឿននិងជាក់ស្តែង ព្រមទាំងពន្លឿនការផ្ទេរបច្ចេកវិទ្យាដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ។

 

ទន្ទឹមគ្នានេះដែរ ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានលើកឡើងដែរថា ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចពីរទស្សវត្សចុងក្រោយ កម្ពុជាបានប្រែក្លាយពីប្រទេសចំណូលទាប មកជាប្រទេសចំណូលមធ្យមកម្រិតទាប និងកំពុងវិវឌ្ឍទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ។ ប្រការនេះ បានផ្តល់ឱកាសឱ្យកម្ពុជាបើកទំព័រថ្មីក្នុងជានាមជារដ្ឋអធិបតេយ្យ និងជាសមាជិកពេញមុខពេញមាត់នៃសហគមន៍ប្រជាជាតិចូលរួមទប់ស្កាត់វិបត្តិសកលនានា ។

 

គួររំលឹកដែរថា ថ្លែងនៅក្នុងពិធីបើកសន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP27 កាលពីថ្ងៃចន្ទ ទី០៧ ខែវិច្ឆិកាកន្លងទៅ លោក អង់តូនីញ៉ូ ហ្គូទែរស៍ (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងថា ពេលនេះពិភពលោកត្រូវតែរួបរួមគ្នាដើម្បីរកមធ្យោបាយកាត់បន្ថយការបំពុលអាកាសធាតុ ។ ប្រសិនបើបញ្ហានេះមិននាំគ្នាដោះស្រាយនោះទេ ច្បាស់ណាស់មនុស្សជំនាន់ក្រោយនឹងរងគ្រោះកាន់តែខ្លាំងពីបញ្ហាគ្រោះមហន្តរាយនានា ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុជាសកល ៕

 

 

 

អត្ថបទពេញនិយម