គណៈរដ្ឋមន្ត្រីសម្រេចអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ

ថ្ងៃសៅរ៍ ទី០២ ខែមេសា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 486
1

ភ្នំពេញ -  ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានអនុម័តទាំងស្រុងកាលពីព្រឹកថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ។ សេចក្ដីព្រាងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារនេះ គឺជាលិខិតតុបករណ៍ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ ដើម្បីជួយសម្រួលដល់បរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាពិជ្ជកម្មបានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់​ស្ដីពីសុវត្ថិភាពម្ហូបអាហារ បានផ្ដួចផ្ដើមតាក់តែងឡើងដោយក្រសួងពាណិជ្ជកម្មនៅឆ្នាំ២០១៤ និងបញ្ចប់ការរៀបចំនៅឆ្នាំ២០១៥ ហើយនៅឆ្នាំ២០១៦ សេចក្ដីព្រាងច្បាប់នេះបានបញ្ជូនទៅប្រជុំដើម្បីពិនិត្យ និងពិភាក្សាពី​កម្រិតបច្ចេកទេសនៅទីស្ដីការគណៈរដ្ឋមន្ត្រី រហូតឈានដល់ការដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងបាន​កែសម្រួលនៅឆ្នាំ២០១៩ ។

ឯកឧត្តម ប៉ាន សូរស័ក្តិ មានប្រសាសន៍បន្តថា តាមរយៈកិច្ចពិភាក្សាអស់រយៈពេល ៤ឆ្នាំ បានផ្ដល់ធាតុចូលសំខាន់ៗដើម្បីកែសម្រួលទាំងក្នុងកិច្ចប្រជុំអន្តរក្រសួង និងអន្តរក្រសួងចង្អៀតជាច្រើនលើក ទើបឈានដល់ការដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ។

សូមជម្រាបថា សេចក្ដីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ សំខាន់ក្នុងការកំណត់គោលការណ៍ជាមូលដ្ឋាន ដើម្បីជំរុញឱ្យផលិតផលម្ហូបអាហារទាំងអស់មានសុវត្ថិភាព គុណភាព និងស្របតាមស្តង់ដាកំណត់ និងសំដៅធានាកម្រិតនៃការការពារអាយុជីវិតនិង សុខភាពប្រជាពលរដ្ឋ ព្រមទាំងធានាប្រសិទ្ធភាពនៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ៕

អត្ថបទពេញនិយម