មន្ត្រីជំនាញ ៖ វិស័យឯកជនចូលរួមចំណែកសំខាន់លើកកម្ពស់ចលនាបង្កើនអាហារូបត្ថម្ភឱ្យកាន់តែប្រសើរ

ថ្ងៃអង្គារ៍ ទី៣១ ខែឧសភា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 461
1

ភ្នំពេញ - ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ សហការជាមួយកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានរៀបចំសម្ពោធផ្សព្វផ្សាយយុទ្ធសាស្ត្រស្តីពីបណ្ដាញធុរកិច្ចនៃចលនាបង្កើនអាហារូបត្ថម្ភ (SBN) នៅព្រឹកថ្ងៃអង្គារ៍នេះដើម្បីបង្ហាញពីសារៈសំខាន់នៃការចូលរួមពីវិស័យឯកជនក្នុងលើកកម្ពស់អាហារូបត្ថម្ភនិងរបបអាហារសុខភាពប្រកបដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យកាន់តែប្រសើរ ។ វេទិកានេះ បានរៀបចំតាមរយៈប្រព័ន្ធវីដេអូ Zoom ដែលមានអ្នកចូលរួមប្រមាណ ១១៥នាក់ ។ 

 

ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងជាអ្នកសម្របសម្រួលប្រចាំប្រទេសនៃចលនាបង្កើនអាហារូបត្ថម្ភកម្ពុជា មានប្រសាសន៍ថា ចលនាបង្កើនអាហារូបត្ថម្ភនៅ មានបណ្តាញចំនួន ០៤ រួមមាន បណ្តាញអង្គការសហប្រជាជាតិដឹកនាំនិងសម្របសម្រួលដោយកម្មវិធីស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ, បណ្តាញម្ចាស់ជំនួយដែលដឹកនាំសម្របសម្របសម្រួលដោយតំណាងស្ថានទូតសហពន្ឋ័អាល្លឺម៉ង់, បណ្តាញសម្ពន្ឋ័អង្គការសង្គមស៊ីវិលដែលដឹកនាំសម្របសម្រួលដោយអង្គការ FIDR, និងបណ្តាញធុរកិច្ចដែលបង្កើតដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងមានការគាំទ្រសម្របសម្រួលដោយកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ។ 

 

ឯកឧត្តម សុខ ស៊ីឡូ បានបញ្ជាក់បន្ថែមថា បណ្តាញធុរកិច្ចនៃចលនាបង្កើនអាហារូបត្ថម្ភជាវេទិកាសម្រាប់វិស័យឯកជនក្នុងការចូលរួមលើកកម្ពស់អាហារូបត្ថម្ភ តាមរយៈការប្តេជ្ញាចិត្ត ការវិនិយោគ ការជួបជុំពិភាក្សាផ្លាស់ប្តូរបទពិសោធន៍និងគំនិត្យផ្តួចផ្តើមថ្មីៗ និងបំផុសតួអង្គដទៃទៀតឱ្យចូលរួមជាមួយ ។ បណ្តាញនេះ ក៏ជាវេទិកាដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក និងពីអ្នកជំនាញនានា ដើម្បីកែលម្អប្រតិបត្តិការ និងដំណើរការអាជីវកម្មរបស់ខ្លួន ។ ការចូលរួមរបស់វិស័យឯកជនសំខាន់ក្នុងការលើកកម្ពស់អាហារូបត្ថម្ភនិងរបបអាហារសុខភាពប្រកបដោយចីរភាព ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

 

វិស័យឯកជនមានវត្តមាន និងទំនាក់ទំនងនៅគ្រប់ដំណាក់កាលទាំងអស់នៃប្រព័ន្ធស្បៀង រាប់ពីផលិតកម្មស្បៀង ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ការកែច្នៃ ការបង្កើតផលិតផលថ្មី និងការធ្វើទីផ្សារផលិតផល។ ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ស្បៀងអាហារ បរិស្ថានស្បៀងអាហារនិងឥរិយាបទអ្នកបរិភោគមានទំនាក់ទំនងប្រទាក់ក្រឡាគ្នានិងផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយវិស័យឯកជន ដែលទំនាក់ទំនងនេះ មានឥទ្ធិពលយ៉ាងខ្លាំងដល់គុណភាពរបបអាហារ និងអាហារូបត្ថម្ភ។ នេះបើតាមប្រសាសន៍ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ។

 

ទន្ទឹមគ្នានេះ វេទិកាខាងលើបានបង្ហាញថា វិស័យឯកជនមានតួនាទីសំខាន់ក្នុងការលើកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា តាមរយៈសកម្មភាពផលិតម្ហូបអាហារដ៏សម្បូរបែប ចម្រុះមុខអាហារ ដែលមានអាហារូបត្ថម្ភល្អ មានសុវត្ថិភាព និងមានតម្លៃសមរម្យ និងអាចរកបានគ្រប់ទីកន្លែង ក៏ដូចជាការផ្គត់ផ្គង់នូវសម្ភារៈ ឬការផ្តល់នូវសេវាកម្មនានាដែលជួយលើកកម្ពស់ការអនុវត្តវិធានអនាម័យ និងលោកកម្ពស់សុខមាលភាពមនុស្សទូទៅ ដែលកត្តាទាំងមានផលជះវិជ្ជមានដល់លទ្ធផលអាហារូបត្ថម្ភ។

 

លើសពីនេះ វិស័យឯកជនមួយចំនួនបានចាប់ផ្តើមធ្វើការបញ្ចូលមីក្រូសារជាតិក្នុងអាហារមូលដ្ឋានសម្រាប់បរិភោគប្រចាំថ្ងៃ ដូចជា អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ អំបិលអ៊ីយ៉ូដជាដើម ដែលកិច្ចការនេះគឺជាកិច្ចអន្តរាគមន៍មួយដ៏សំខាន់ មានប្រសិទ្ឋិភាពខ្ពស់ ចំណាយតិច ចំណេញពេលវេលា និងអាចជួយការលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភ និងផលិតភាពការងាររបស់ប្រជាជន។

 

សូមជម្រាបថា បណ្ដាញធុរកិច្ចនៃចលនាបង្កើនអាហារូបត្ថម្ភ (SBN) បានបង្កើតឡើងនិងដាក់ឱ្យដំណើរការជាផ្លូវការក្នុងខែកក្កដា ឆ្នាំ២០២១ ដើម្បីគៀងគរវិស័យឯកជនឱ្យចូលរួមធ្វើសកម្មភាពវិនិយោគ និងនវានុវត្ត ដើម្បីលើកកម្ពស់អាហារូបត្ថម្ភ ។ បណ្ដាញធុរកិច្ចនៃចលនាបង្កើនអាហារូបត្ថម្ភ គឺជា វេទិកាសម្រាប់ការចូលរួមរបស់វិស័យឯកជននៅក្នុងវេទិកាពហុវិស័យក្នុងនាមជាវេទិកាសម្របសម្រួលបណ្ដាញធុរកិច្ចនៃចលនាបង្កើនអាហារូបត្ថម្ភកម្ពុជា ធ្វើការប្រមូលផ្តុំភាគីពាក់ព័ន្ធនានារួម មានវិស័យឯកជន ស្ថាប័នរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់វិស័យធុរកិច្ចស្វែងយល់ លើកកម្ពស់តួនាទីពួកគេក្នុងការលើកកម្ពស់អាហារូបត្ថម្ភ ៕

 

អត្ថបទពេញនិយម