តំណាងអង្គការ FAO ប្រចាំកម្ពុជា ៖ បើអាហារគ្មានសុវត្ថិភាពទេ នោះមិនមែនជាអាហារឡើយ
ភ្នំពេញ - តំណាងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា បានលើកឡើងថា អាហារដែលមានសុវត្ថិភាពមានសារៈសំខាន់ណាស់ចំពោះសុខភាព និងសុខុមាលភាពរបស់មនុស្សម្នាក់ៗ ហើយក៏ជាផ្នែកមួយធានាគុណភាពជីវិតឱ្យកាន់តែប្រសើរឡើង។ បើអាហារគ្មានសុវត្ថិភាពទេ នោះមិនមែនជាអាហារឡើយ ។
ការលើកឡើងរបស់តំណាងអង្គការ FAO ប្រចាំកម្ពុជានាពេលនេះ នៅក្នុងទិវាសុវត្ថិភាពស្បៀងអាហារពិភពលោក ក្រោមប្រធានបទ “ អាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ" ដោយផ្តោតលើតួនាទីអាហារសុវត្ថិភាព ធានាសុខភាព និងសុខមាលភាពរបស់មនុស្ស សត្វ និងបរិស្ថាន នាព្រឹកថ្ងៃព្រហស្បត្តិ៍ ។
កញ្ញា Rebekah Bell តំណាងអង្គការ FAO ប្រចាំកម្ពុជា បានឱ្យដឹងថា បើអាហារគ្មានសុវត្ថិភាពទេ នោះមិនមែនជាអាហារឡើយ។ គ្រប់ភាគីទាំងអស់ត្រូវប្តេជ្ញាចិត្ត និងរួមគ្នាវិនិយោគ ដើម្បីធ្វើឱ្យអាហារមានសុវត្ថិភាព និងជារបបអាហារសុខភាព មានតម្លៃសម្យរម្យ ដែលគ្រប់ៗគ្នាអាចទទួលបានសម្រាប់បរិភោគ។
អ្នកជំនាញរូបនេះ បានបន្ថែមថា ដើម្បីសម្រេចបានគោលបំណងខាងលើនេះ គ្រប់គ្នាត្រូវរួមគ្នាធ្វើឱ្យប្រព័ន្ធស្បៀងអាហារកាន់តែមានប្រសិទ្ធភាព មានភាពធន់ និងនិរន្តរភាពនៅគ្រប់ដំណាក់កាលទាំងអស់នៃខ្សែច្រវ៉ាក់ស្បៀងអាហារ គឺចាប់ពីការផលិត និងការកែច្នៃ រហូតដល់ទីផ្សារ ការដឹកជញ្ជូន និងការចែកចាយ និងកន្លែងបរិភោគ។
សូមជម្រាបថា នៅឆ្នាំនេះទិវាសុវត្ថិភាពស្បៀងអាហារពិភពលោកនៅកម្ពុជា រៀបចំដោយអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) អង្គការសុខភាពពិភពលោក (WHO) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) សហការជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ (CARD) និងមានការចូលរួមដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធដទៃទៀត។