ឯកឧត្តមវេជ្ជបណ្ឌិត សយ អុឹង ៖ ប្រព័ន្ធស្បៀងចាំបាច់ត្រូវគិតដល់ខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀង បរិស្ថានស្បៀង និងឥរិយាបថអ្នកប្រើប្រាស់ស្បៀង
កោះកុង ៖ ឯកឧត្តមវេជ្ជបណ្ឌិត សយ អុឹង ប្រធាននាយកដ្ឋានសន្តិសុខស្បៀង អាហារូបត្ថម្ភ និងសុខាភិបាល នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ មានប្រសាសន៍ថា ប្រព័ន្ធស្បៀងមានសមាសធាតុចម្បងៗចំនួនបីសំខាន់ៗ រួមមាន ខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀង បរិស្ថានស្បៀង និងឥរិយាបថរបស់អ្នកប្រើប្រាស់ស្បៀង ។ ទន្ទឹមគ្នានេះ យុវជនជាតួអង្គដែលដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ព្រមទាំងលើកកម្ពស់ការអប់រំអាហារូបត្ថម្ភនៅក្នុងសង្គម ។
ឯកឧត្តមវេជ្ជបណ្ឌិត សយ អុឹង មានប្រសាសន៍បញ្ជាក់លម្អិតដល់ក្រុមយុវជនជើងឯកអាហារូបត្ថម្ភទាំង ៣០នាក់ ដែលបានចូលរួមកម្មវិធីបោះជំរុំយុវជនជើងឯកអាហារូបត្ថម្ភលើកទី២ នៅសហគន៍អេកូទេសចរណ៍ឆាយអារ៉ែង នាព្រឹកថ្ងៃអាទិត្យនេះថា ប្រព័ន្ធស្បៀងមានសមាសធាតុចម្បងៗចំនួនបីសំខាន់ៗ រួមមាន ៖
- ខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀង ៖ ផ្តោតលើសកម្មភាពនិងតួអង្គពាក់ព័ន្ធដែលនាំស្បៀងចាប់ពីដំណាក់កាលផលិតកម្ម រហូតដល់ដំណាក់កាលបរិភោគ និងដំណាក់ការចោលសំណល់ម្ហូបអាហារ រួមមាន៖ ការផលិត ការស្តុកទុក ការកែច្នៃ ការវិចខ្ចប់ ការចែកចាយ ការលក់ដូរ ការផ្សព្វផ្សាយរកទីផ្សារនិងការរៀបចំម្ហូបអាហារបរិភោគជាដើម។
- បរិស្ថានស្បៀង ៖ ចំណុចនេះសំដៅលើបរិការណ៌រូបវ័ន្ត សេដ្ឋកិច្ច នយោបាយ សង្គម និងវប្បធម៌ ដែលក្នុងនោះអ្នកប្រើប្រាស់ស្បៀង ចូលរួមក្នុងប្រព័ន្ធស្បៀង ដើម្បីធ្វើការសម្រេចចិត្តអំពីរបៀបទទួលបានស្បៀងអាហារ របៀបរៀបចំស្បៀងអាហារ និងរបៀបបរិភោគម្ហូបអាហារ។
- ឥរិយាបថរបស់អ្នកប្រើប្រាស់ ៖ ឆ្លុះបញ្ចាំងរាល់ជម្រើសនិងការសម្រេចចិត្តទាំងអស់ ដែលធ្វើឡើងដោយអ្នកប្រើប្រាស់ ដូចជា ជម្រើសក្នុងការសម្រេចចិត្តអំពីស្បៀងដែលត្រូវទទួលបាន រក្សាទុក រៀបចំ ចម្អិន និងបរិភោគ និងអំពីការបែងចែកស្បៀងនៅក្នុងគ្រួសារ ជាដើម។
ស្របគ្នានេះ ឯកឧត្តមវេជ្ជបណ្ឌិត សយ អុឹង បានបន្តឱ្យដឹងទៀតថា ប្រសិនបើនិយាយដល់ប្រព័ន្ធស្បៀង ត្រូវនិយាយដល់ប្រព័ន្ធស្បៀងប្រកបដោយចីរភាព។ ប្រព័ន្ធស្បៀងប្រកបដោយចីរភាព គឺជាប្រព័ន្ធស្បៀងដែលផ្តល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់មនុស្សគ្រប់រូបតាមបែបផែននៃសេដ្ឋកិច្ច សង្គម និងបរិស្ថាន ដើម្បីបង្កើតសន្តិសុខស្បៀងនិងអាហារូបត្ថម្ភសម្រាប់មនុស្សជំនាន់ក្រោយ ដោយមិនមានគ្រោះថ្នាក់អ្វីទាំងអស់។
ប្រព័ន្ធស្បៀងប្រកបដោយចីរភាពមានបីចំណុចដែលយុវជនត្រូវដឹង គឺប្រព័ន្ធស្បៀងមានចីរភាពសេដ្ឋកិច្ច (គឺជាប្រព័ន្ធស្បៀង មានចំណេញ) ។ ប្រព័ន្ធស្បៀងមានចីរភាពសង្គម (គឺជាប្រព័ន្ធស្បៀង នាំមកនូវផលប្រយោជន៍ដល់សង្គម) និងប្រព័ន្ធស្បៀងមានចីរភាពបរិស្ថាន (មានឥទ្ធិពលវិជ្ជមានឬមិនប៉ះពាល់ដល់បរិស្ថានធម្មជាតិ)។
សូមជម្រាបថា សកម្មភាពបោះជំរុំយុវជនជើងឯកអាហារូបត្ថម្ភលើកទី២ បានរៀបចំឡើងនៅសហគន៍អេកូទេសចរណ៍ឆាយអារ៉ែង (រៃអារ៉ែង) ស្ថិតនៅភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ចាប់ពីថ្ងៃទី២០-២២ ខែឧសភា ។ កម្មវិធីរៀបចំដោយអង្គការហេទ្បែន ខេលល័រអន្តរជាតិកម្ពុជា និងគម្រោង MUSEFO នៃអង្គការ GIZ សហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងកម្មវិធីជាតិអាហារូបត្ថម្ភ ៕