JICA និងរដ្ឋបាលខេត្តកណ្តាលសិក្សាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូរំដោះទឹកចេញពីក្រុងភ្នំពេញ

ថ្ងៃច័ន្ទ ទី១៣ ខែមិថុនា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 939
1

ខេត្តកណ្តាល - ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនាកន្លងទៅ បានដឹងនាំមន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធជួបពិភាក្សាជាមួយក្រុមការងារនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA ដើម្បីទទួលបានព័ត៌មាននិងទិន្នន័យថ្មីៗ ក្នុងភូមិសាស្ត្រខេត្តកណ្ដាលសម្រាប់ការសិក្សាលើគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងខេត្តនិងក្នុងរាជធានីភ្នំពេញឱ្យមានភាពប្រសើរឡើង។ 

 

ក្នុងកិច្ចប្រជុំនេះ រដ្ឋបាលខេត្តបានគាំទ្រគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញរបស់អង្គការ JICA ដោយសារខេត្តកណ្តាល និងរាជធានីភ្នំពេញ គឺជាភូមិសាស្ត្រដែលរងផលប៉ះពាល់ទឹកជនលិចដូចគ្នានៅពេលមានទឹកជំនន់ និងភ្លៀងធំៗធ្លាក់មកម្តងៗ ។

 

ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល ៖គម្រោងនេះគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយបញ្ជៀសទឹកជនលិចផ្លូវ និងផ្ទះសំបែងប្រជាពលរដ្ឋ 

 

ស្របគ្នានេះ ឯកឧត្តមបានជំរុញដល់មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញទាំងអស់ត្រូវផ្តល់កិច្ចសហការល្អជាមួយក្រុមការងារអង្គការ JICA ជាប់ជាប្រចាំ ជាពិសេសត្រូវផ្តល់រាល់ទិន្នន័យផ្សេងៗ ដែលក្រុមការងារចង់បាន សំដៅជួយធ្វើឱ្យគម្រោងខាងលើទទួលបានលទ្ធផលល្អ។

 

សូមជម្រាបថា កិច្ចពិភាក្សាខាងលើនេះជាជំហានដំបូងដែលរដ្ឋបាលខេត្តកណ្តាល និងក្រុមការងារសិក្សាគម្រោង JICA កំពុងពិនិត្យពីលទ្ធភាពអនុវត្តគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងខេត្តនិងរាជធានីភ្នំពេញឱ្យកាន់តែទូលំទូលាយ និងមានភាពប្រសើរ។

 

អត្ថបទពេញនិយម