ក្រសួងកសិកម្មបានអនុវត្តសកម្មភាពចម្បង ០៣ លើកកម្ពស់សុវត្ថិភាពស្បៀងអាហារ

ថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 490
1

ភ្នំពេញ តាមរយៈកិច្ចពិភាក្សាស្តីពីតួនាទីរដ្ឋាភិបាលធានាឱ្យម្ហូបអាហារមានសុវត្ថិភាព និងមានអាហារូបត្ថម្ភ នៅក្នុងវេទិការទិវាជាតិលើកកម្ពស់អាហារូបត្ថម្ភលើកទី៩ លោកបណ្ឌិត ម៉ាក់ សឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ដើម្បីចូលរួមគិតគួរដល់សុខភាព និងសុវត្ថិភាពស្បៀងសម្រាប់អ្នកប្រើប្រាស់ផលិតផលកសិកម្ម ក្រសួងកសិកម្មកំពុងអនុវត្ដសកម្មភាពចម្បង ០៣ចំណុច ។ 

 

  1. ការងារស្រាវជ្រាវនិងអភិវឌ្ឍន៍ពូជដែលគិតគូរដល់អាហារូបត្ថម្ភ
  2. ការផ្តល់សេវាបច្ចេកទេសកសិកម្មដែលអនុវត្តន៍គោលការណ៍កសិកម្មល្អ កសិកម្មសរីរាង្គ និងកសិកម្មមានសុវត្ថិភាព 
  3. ការគ្រប់គ្រងនិងការត្រួតពិនិត្យហានិភ័យសមាសភាពចង្រៃភូតគាមអនាម័យ សុវត្ថិភាព និងអនាម័យ ដែលបម្រើឱ្យស្តង់ដារគុណភាពនាំចេញនិងនាំចូល។

តាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានកសិកម្ម សកម្មភាពទាំងបីចំណុចខាងលើអនុវត្តមានប្រសិទ្ធភាពទៅបាន ដោយក្រសួងកសិកម្មបានប្រើប្រាស់ឧបករណ៍ច្បាប់ចំនួនបីរួមគ្នា មានដូចជា ច្បាប់ស្តីពីការពាររុក្ខជាតិ និងភូតគាមអនាម័យ ច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ  និងច្បាប់សុវត្ថិភាពម្ហូបអាហារ

 

និយាយពីវិស័យកសិកម្មនិងផលិតកម្មស្បៀង លោកបណ្ឌិត ម៉ាក់ សឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម ឱ្យដឹងទៀតថា វិស័យកសិកម្មដើរតួនាទីយ៉ាងសំខាន់នៅក្នុងផលិតកម្មស្បៀងបម្រើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ប៉ុន្តែវិស័យកសិកម្មនាពេលបច្ចុប្បន្នមានបញ្ហាប្រឈមខ្លាំងទៅនឹងការប្រែប្រួលអាកាសធាតុ ការរងឥទ្ធិពលនៃវិបត្តិកូវីដ-១៩ និងបញ្ហាឥទ្ធិពលជម្លោះង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលប៉ះពាល់ដល់ធាតុចូលរបស់កសិកម្មជាលក្ខណៈសកល ។

 

លោកបណ្ឌិត ម៉ាក់ សឿ បានបញ្ជាក់បន្ថែមថា ទន្ទឹមនឹងផលលំបាកខាងលើនេះ ផលកសិកកម្មកម្ពុជានៅតែអាចផលិតដើម្បីនាំចេញ និងបម្រើដល់សេចក្តីត្រូវការរបស់ប្រជាជនក្នុងប្រទេស (ឆ្នាំ២០២១ កំណើនកសិកម្ម ១.៦ភាគរយ) ។ លើសពីនេះ សុវត្ថិភាពម្ហូបអាហារអាចកើតមានសម្រាប់មនុស្សគ្រប់រូប គឺត្រូវពឹងលើការចូលរួមទាំងអស់គ្នាដើម្បីអនុវត្តន៍ការសកម្មភាពដាំដុះល្អ ការវេចខ្ចប់និងទុកដាក់មានសុវត្ថិភាព ការដឹកជញ្ជូន ការចម្អិន ព្រមទាំងចូលរួមអនុវត្តច្បាប់ពាក់ព័ន្ធដែលមានជាធរមាន។

 

សូមជម្រាបថា ទិវាជាតិអាហារូបត្ថម្ភលើកទី៩ ឆ្នាំ២០២២ ប្រារព្ធឡើងក្រោមប្រធានបទ “ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ  គោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈពីសុវត្ថិភាពម្ហូបអាហារ ការពង្រឹងសមត្ថភាពបច្ចេកទេស ការរៀបចំគោលការណ៍ណែនាំបទប្បញ្ញត្តិបច្ចេកទេស និងស្តង់ដារ និងការពង្រឹងការអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ប្រកបដោយបរិយាប័ន្ន តម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ ។ ទិវាជាតិអាហារូបត្ថម្ភដែលបានប្រព្រឹត្តិទៅពេញមួយថ្ងៃទី០៤ ខែតុលា នៅសណ្ឋាគារ HYATT REGENCY PHNOM PENH រាជធានីភ្នំពេញ ៕

 

 

 

 

អត្ថបទពេញនិយម