ក្រសួងសុខាភិបាល ៖ ការត្រៀមនិងឆ្លើយតបគ្រោះទឹកជំនន់សំខាន់បំផុតមុនពេលមានទឹកជំនន់កើតឡើង

ថ្ងៃសុក្រ ទី១៥ ខែកក្កដា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 662
1

ភ្នំពេញ - ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ការប្រែប្រួលអាកាសធាតុធ្វើឱ្យមានការផ្លាស់ប្ដូររដូវកាល និងបង្កឱ្យកើតមានគ្រោះធម្មជាតិជាញឹកញាប់ ដូចជា រលកកំដៅ ផ្គររន្ទះ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួតដែលគ្រោះមហន្តរាយទាំងនេះធ្វើឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ លំនៅដ្ឋាន ប៉ះពាល់សុខភាព និងស្លាប់បាត់បង់អាយុជីវិតប្រជាជន។ 

 

សេចក្តីជូនដំណឹងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់បន្ថែមថា ដើម្បីកាត់បន្ថយឱ្យបានជាអតិបរិមាផលប៉ះពាល់សុខភាព អាយុជីវិតជនរងគ្រោះ និងមូលដ្ឋានសុខាភិបាលពីគ្រោះធម្មជាតិ ជាពិសេសគ្រោះទឹកជំនន់ ដែលអាចកើតមាននាពេលខាងមុខនេះ ក្រសួងសុខាភិបាលសូម អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តតាមការណែនាំការការពារបីចំណុច រួមមាន មុនពេលទឹកជំនន់ កំឡុងពេលទឹកជំនន់ និងក្រោយពេលទឹកជំនន់ ។ 

 

មុនពេលទឹកជំនន់ប្រជាពលរដ្ឋត្រូវតាមដានស្ថានភាពទឹកជំនន់ ត្រៀមទីទួលសុវត្ថិភាព និងស្បៀងអាហារ។ ធ្វើរបងព័ទ្ធជុំវិញស្រះ ឬកន្លែង ដែលមានទឹកជ្រៅ ត្រូវថែរក្សាបរិស្ថានឱ្យបានស្អាត និងសាងសង់បង្គន់ព្រមទាំងត្រូវធ្វើឱ្យប្រសើរ បើបង្គន់ទាប ត្រូវធ្វើឱ្យខ្ពស់ដើម្បីការពារទឹកជំនន់ ។

 

ក្រសួងសុខាភិបាល បានបញ្ជាក់ថា បើមានជំងឺឆ្លងរាតត្បាត ឬជំងឺណាមួយ សូមទាក់ទងមកលេខទូរស័ព្ទ ១១៥ (គ្មានថវិកាក្នុងទូរស័ព្ទក៏អាចទូរស័ព្ទចូលបានដែរ)។ ព័ត៌មានបន្ថែម សូមទាក់ទងមកលេខទូរស័ព្ទលោកវេជ្ជបណ្ឌិត កុល ហេរ៉ូ លេខទូរស័ព្ទ ០១៧ ៩៩៩ ៥៨៦ ឬលោកស្រីវេជ្ជបណ្ឌិត ឡាក់ មួយស៊ាង លេខទូរស័ព្ទ ០១២ ៩២៥ ៧៤១ ៕

 

អត្ថបទពេញនិយម