កញ្ញា ម៉ាន អ៊ីរ៉ាហ្វាស៊ីរ៉ា កែច្នៃថង់ប្លាស្ទិកប្រើប្រាស់ឡើងវិញ ភ្ជាប់ក្តីស្រឡាញ់ បង្កើតប្រាក់ចំណូលសហគមន៍
ភ្នំពេញ - សំណល់ថង់ប្លាស្ទិកទាំងឡាយបានក្លាយទៅជាសម្ភារៈកែច្នៃនិងប្រើប្រាស់ឡើងវិញ មានដូចជា កន្រ្តកយួរដៃ កាបូប ទ្រនាប់កែវទឹក និងកាបូបដាក់សម្ភារៈផ្សេងៗ ។ ការកែច្នៃថង់ប្លាស្ទិកឡើងវិញនេះ មិនត្រឹមចូលរួមសម្អាតបរិស្ថានប៉ុណ្ណោះទេ ថែមទាំងផ្តល់ការងារដល់ស្រ្តីមួយចំនួនរស់នៅក្នុងសហគមន៍ជនបទផងដែរ ។
អ្វីៗទាំងនេះកំពុងកើតឡើងជាហូរហែរនៅ Ladies Circles ផ្តោតលើគោលការណ៍កែច្នៃថង់ប្លាស្ទិកប្រើប្រាស់ឡើងវិញ ភ្ជាប់ក្តីស្រឡាញ់ និងអាចបង្កើតប្រាក់ចំណូលតាមរយៈការងារហត្ថកម្ម ។
កញ្ញា ម៉ាន អ៊ីរ៉ាហ្វាស៊ីរ៉ា ជាស្ថាបនិក Ladies Circles កំពុងបំពេញបេសកកម្មកែច្នៃថង់ប្លាស្ទិកដែលប្រើប្រាស់រួច ឱ្យទៅជាសម្ភារៈប្រើប្រាស់ឡើងវិញ ជាមួយប្រជាសហគមន៍នៅខេត្តសៀមរាប ។ គំនិតបង្កើត Ladies Circle ដោយសារកញ្ញាបានចូលរួមគម្រោង Generation Future របស់អង្គការ UNICEF Cambodia កាលពីខែកញ្ញា ឆ្នាំ២០២១ ។
និយាយលាយឡំដោយស្នាមញញឹម កញ្ញា ម៉ាន អ៊ីរ៉ាហ្វាស៊ីរ៉ា បានឱ្យដឹងថា កញ្ញាមានបំណងយកសំណល់ប្លាស្ទិកមកកែច្នៃបង្កើតជារបស់ថ្មីប្រើប្រាស់ឡើងវិញ អាចបង្កើតប្រាក់ចំណូល ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកស្រឡាញ់បរិស្ថាន និងបានប្រើប្រាស់ប្លាស្ទិកឱ្យអស់ពីលទ្ធភាពមុននឹងបោះចោល ។
“ខ្ញុំបង្កើត Ladies Circles ដើម្បីសំឡេង និងផ្ដល់ស្នាមញញឹមទៅកាន់ស្ត្រីនៅជនបទរបស់កម្ពុជា ហើយខ្ញុំចង់ឱ្យបរិស្ថានសង្គមស្អាតគ្មានកាកសំណល់ថង់ប្លាស្ទិក ។ ខ្ញុំចង់ធ្វើជាចំណែកដ៏ធំមួយលុបបំបាត់ប្លាស្ទិក ” កញ្ញា ម៉ាន អ៊ីរ៉ាហ្វាស៊ីរ៉ា ។
យុវតីវ័យ ២១ឆ្នាំរូបនេះ បានបញ្ជាក់ថា ការប្រើប្រាស់ថង់ប្លាស្ទិកនៅក្នុងជីវភាពប្រចាំថ្ងៃមិនមែនជាជម្រើសល្អនោះទេ ដោយសារសំណល់ប្លាស្ទិកទាំងនោះនឹងបង្ករផលវិបាកធ្ងន់ធ្ងរដល់សុខភាពមនុស្ស ពិសេសប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់មនុស្សជំនាន់ក្រោយ ។
“ចំណុចពិសេសរបស់ Ladies Circles គឺជាផលិតផលដែលច្នៃដោយដៃស្ត្រីកម្ពុជា ស្ថិតនៅក្នុងខេត្តសៀមរាប មានស្ត្រីមេម៉ាយ និងស្ត្រីចាស់ជរា អ្នកបាត់បង់ការងារដោយសារឥទ្ធិពលជំងឺផ្លូវដង្ហើមកូវីដ-១៩ ដែលពួកគាត់គ្មានការងារនិងចំណូលជាក់លាក់” ។ នេះបំណងដ៏ធំរបស់យុវតីកែច្នៃសំណល់ប្លាស្ទិក ម៉ាន អ៊ីរ៉ាហ្វាស៊ីរ៉ា ។
ពីមួយថ្ងៃទៅមួយថ្ងៃ កិច្ចការបរិស្ថាននិងសង្គមនេះ មិនបានធ្វើឱ្យកញ្ញា អ៊ីរ៉ាហ្វាស៊ីរ៉ា ហត់នឿយនោះទេ ។ ភាពរីករាយ ស្នាមញញឹម អារម្មណ៍ស្និទ្ធស្នាល បានជំរុញឱ្យ ហ្វាស៊ីរ៉ា និងមិត្តរួមក្រុមកាន់តែបង្ខិតខ្លួនបង្កើតក្តីស្រឡាញ់ជាមួយអ្នកភូមិ ។
យុវតីខ្មែរអ៊ីស្លាមរូបនេះ ក៏បានបញ្ជាក់ពីផែនការគ្រប់គ្រងហិរញ្ញវត្ថុរបស់ Ladies Circle ដែរថា ចំណូលសរុបបានពីលក់របស់របរកែច្នៃពីសំណល់បា្លស្ទិករបស់ប្រជាសហគមន៍ ត្រូវរៀបចំនិងចាត់ចែងច្បាស់លាស់ ដើម្បីបន្តនិរន្តភាពនិងផលិតភាពការងារ ។
ថវិកា ៦០ភាគរយត្រូវបែងចែកទៅអ្នកធ្វើនៅក្នុងសហគមន៍ ។ ថវិកា ២០ភាគរយចំណាយសម្រាប់ការងារផ្សព្វផ្សាយនិងទីផ្សារ និង ១០ភាគរយសម្រាប់ទិញសម្ភារៈ ឬរបស់ប្រើប្រាស់នានាដល់ស្ត្រីដែលជាអ្នកកែច្នៃ រៀងរាល់បីខែម្ដង ។ ចំណែកប្រាក់ចំណូល ១០ភាគរយទៀត កញ្ញាទុកត្រៀមសម្រាប់បរិច្ចាគទៅមជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀនណាមួយដែលខ្វះខាតជាដើម ។
កញ្ញា ម៉ាន អ៊ីរ៉ាហ្វាស៊ីរ៉ា មានទីកន្លែងកំណើតនៅខេត្តសៀមរាប បានជ្រើសរើសអ្នកស្ម័គ្រចិត្តចំនួន ៣០នាក់ ដើម្បីជួយដល់គម្រោង Ladies Circle របស់នាងតាមរយៈអង្គការ UNICEF កម្ពុជា ។ កាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅ UNICEF បានផ្ដួចផ្ដើមកម្មវិធីជំនាន់ថ្មីដោយលើកយកស្នាដៃរបស់យុវជនចំនួន ១៣នាក់ដែលកំពុងរៀបចំគម្រោងប្រកបដោយនវានុវត្តន៍ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដូចជាបញ្ហាសុខភាពផ្លូវចិត្ត បម្រែបម្រួលអាកាសធាតុ និងវិសមភាព ។
គម្រោង Ladies Circles បានទទួលចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមគម្រោងចំនួន ១៦៥ នៃការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ ACCOR Take OFF ឆ្នាំ ២០២១ មានកញ្ញា ម៉ាន់ អ៊ីរ៉ាហ្វាស៊ីរ៉ា កញ្ញា យូ មេលីស្សា និងកញ្ញាលិញ សៀវលីន ។ នេះជាលើកដំបូងដែលសមាជិកក្រុមពីប្រទេសកម្ពុជាបានចូលរួមក្នុងការប្រកួតប្រជែងសិស្សអន្ដរជាតិ ហើយស្ថិតនៅក្នុងចំណោមក្រុមឈ្នះទាំងបីក្រុម ។
កញ្ញា ម៉ាន អ៊ីរ៉ាហ្វាស៊ីរ៉ា បាននិយាយដោយជឿជាក់លើគម្រោងរបស់ខ្លួន និងប្តេជ្ញាចិត្តបន្តថា ៖ “នាងខ្ញុំមានគម្រោងកែច្នៃប្លាស្ទិកបង្កើតទៅជាផលិតផលប្រើប្រាស់ ដូចជា គ្រឿងលម្អតុបតែងផ្សេងៗ ដើម្បីដាក់នៅក្នុងគេហដ្ឋាន ព្រមទាំងបង្កើតដៃគូរសហការនានាលើកកម្ពស់បរិស្ថាន និងសង្គមដោយស្នាមញញឹម” ៕