លោកស្រី ស៊ឹម វលក្សណ៍ ៖ ទឹកស្អាត និងអនាម័យត្រូវមានសម្រាប់មនុស្សគ្រប់គ្នា “WASH for All”

ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 683
1

ភ្នំពេញ - មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានបច្ចេកទេសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជាកម្មវិធីអាទិភាពសំខាន់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប “WASH for All” ដែលស្ថិតក្នុងសសរស្តម្ភទាំងបួនរបស់ក្រសួងអភិវឌ្ឍន៍ជនបទកំពុងអនុវត្តន៍។ ការលើកឡើងនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលសិក្សាស្តីពីការផ្សារភ្ជាប់គោលការណ៍ណែនាំថ្នាក់ជាតិ ស្តីពីកម្មវិធីផ្គត់ផ្គង់ទឹកស្អាតនិងការលើ​កកម្ពស់អនាម័យ​សម្រាប់ជនមានពិការភាពជាមួយនឹងការអនុវត្តបទពិសោធន៍នៅប្រទេសកម្ពុជា បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញានេះ។

 

លោកស្រី ស៊ឹម វលក្សណ៍ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្នគឺជាតម្រូវការចាំបាច់និងប្រចាំថ្ងៃម្រាប់មនុស្សទូទៅគ្រប់រូប ជាពិសេសសម្រាប់ស្រ្តី កុមារ និងជនមានពិការភាព។ 

 

 

លោកស្រី ស៊ឹម វលក្សណ៍ បានបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទបានកំណត់ទិសដៅក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យឱ្យបាន ១០០ភាគរយនៅត្រឹមឆ្នាំ២០២៥ ដូចមានចែងក្នុងទស្សនវិស័យនៃគោលនយោបាយ។ ក្រសួងបានកំណត់ថា ឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅជនបទគ្រប់រូបត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ និងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព។  

 

“ការបង្កើតគោលការណ៍ណែនាំស្តីពីទឹកស្អាត និងអនាម័យសម្រាប់មនុស្សគ្រប់គ្នា “WASH for All” មានគោលបំណងផ្តល់ឯកសារសម្រាប់គាំទ្រ និងលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពប្រើប្រាស់ទឹកស្អាត និងអនាម័យដល់មនុស្សគ្រប់រូប ជាពិសេសសម្រាប់អ្នកដែលរស់នៅក្នុងភាពខ្វះខាតដូចជា ជនមានពិការភាព ស្ត្រី កុមារ និងមនុស្សចាស់ជាដើម។” នេះបើតាមការបញ្ជាក់របស់លោកស្រី ស៊ឹម វលក្សណ៍ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

 

ទន្ទឹមគ្នានេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានបច្ចេកទេសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានឱ្យដឹងទៀតថា ការរួមបញ្ចូលអង្គការតំណាងជនមានពិការភាពឱ្យចូលរួមប្រជុំ និងធ្វើសេចក្ដីសម្រេចចិត្ត បូករួមនឹងការវិនិយោគលើនិរន្តរភាព និងការពង្រឹងសមត្ថភាពរយៈពេលវែងរបស់អង្គការ ឬស្ថាបន័ដែលផ្ដល់សេវា គឺជួយសម្រួលដល់ការប្រើប្រាស់ទឹកស្អាតនិងអនាម័យសម្រាប់មនុស្សគ្រប់រូប និងបង្កភាពងាយស្រួលដល់ជនមានពិការភាព និងគ្រួសាររបស់ពួកគេ។ 

 

 

សូមជម្រាបថា ក្រសួងអភិវឌ្ឍន៍ជនបទ បានអនុម័តនិងផ្សព្វផ្សាយគោលការណ៍ណែនាំជាតិស្តីពីការលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសម្រាប់ជនមានពិការភាព និងមនុស្សចាស់ ហើយក៏បានផ្តល់ការកសាងសមត្ថភាពដល់អ្នកអនុវត្តក្នុងវិស័យទឹកស្អាត និងអនាម័យ។ 

 

បើតាមលោកស្រី ស៊ឹម វលក្សណ៍ ការសិក្សាស្រាវជ្រាវអំពីការផ្សារភ្ជាប់គោលការណ៍ណែនាំថ្នាក់ជាតិ ស្តីពីកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យសម្រាប់ជនមានពិការភាពជាមួយនឹងការអនុវត្ត នៅប្រទេសកម្ពុជា បានលេចចេញជារបកគំហើញ និងអនុសាសន៍ដែលស្ថាប័នដៃគូអភិវឌ្ឍអាចប្រើប្រាស់ជាភស្តុតាង និងជាឯកសារយោងសម្រាប់អនុវត្តការងារទឹកស្អាត និងអនាម័យប្រកបដោយបរិយាប័ន្ន៕

 

 

រូបភាពសម្រាប់អត្ថបទនេះរក្សាសិទ្ធិដោយ Water Aid Cambodia

 

 

អត្ថបទពេញនិយម