មូលហេតុចម្បងបណ្តាលឱ្យការប្រែប្រួលអាកាសធាតុកើតឡើង
ភ្នំពេញ - ការប្រែប្រួលអាកាសធាតុ គឺជាដំណើរការប្រែប្រួលបន្តិចម្តងៗនៃអាកាសធាតុក្នុងរយៈពេលវែង រួមមាន ការប្រែប្រួលសីតុណ្ហភាព ស្ថានភាពទឹកភ្លៀង របបខ្យល់ ឬគម្របទឹកកកជាដើម ។ ការប្រែប្រួលអាកាសធាតុកើតឡើងដោយសារកត្តាធម្មជាតិ និងសកម្មភាពមនុស្ស។ ការប្រែប្រួល អាកាសធាតុ ក៏សម្តៅទៅលើការប្រែប្រួលខ្លាំង និងជាលក្ខណៈយូរអង្វែងនៃសីតុណ្ហភាពមធ្យមរបស់ភពផែនដី។ វាអាចជាការធ្លាក់ចុះ ឬក៏ជាការកើនឡើងនៃសីតុណ្ហភាពមធ្យម ដែលវាស់ស្ទង់ក្នុងរយៈពេល ច្រើនឆ្នាំជាប់ៗគ្នា។
បើតាមសន្ទានុក្រមការប្រែប្រួលអាកាសធាតុរបស់ក្រសួងបរិស្ថាន បានបង្ហាញថា ការប្រែប្រួលអាកាសធាតុ គឺជាការប្រែប្រួលស្ថានភាពអាកាសធាតុ ដែលអាចកំណត់អត្តសញ្ញាណប័ណ្ណតាមរយៈការវិភាគស្ថិតិ តាមរយៈការប្រែប្រួលតួលេខមធ្យមនិងតួលេខអថេរនៃអាកាសធាតុ ហើយការប្រែប្រួលនោះបន្តកើតឡើងក្នុងរយៈពេលវែងជាច្រើនទសវត្សរ៍ ឬយូរជាងនេះ។
ការប្រែប្រួលអាកាសធាតុកើតពីសកម្មភាពរបស់មនុស្ស មានដូចជា ការដុតហ្វូស៊ីល ការដុតប្រេងឥន្ធនៈ ការកាប់បំផ្លាញព្រៃឈើ ការប្រើប្រាស់ដីកសិកម្មកសិកម្ម ការប្រើប្រាស់ជីនិងថ្នាំកសិកម្ម និងការបញេ្ចញឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើនទៅក្នុងបរិយាកាសផែនដី។
ការប្រែប្រួលអាកាសធាតុរបស់ភពផែនដីអាចកើតឡើងពីមូលហេតុធម្មជាតិ។ ការប្រែប្រួលអាកាសធាតុនោះ កើតពីកំណើនកំហាប់ឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាសរាំងស្កាត់កម្តៅដែលផ្លាតចេញពីផ្ទៃផែនដីឱ្យនៅក្នុងបរិយាកាសកាន់តែច្រើន ដែលជាមូលហេតុនៃកំណើនកម្តៅសកល។ ឧស្ម័នផ្ទះកញ្ចក់ (Greenhouse effect ឬ GHGs) សំខាន់ៗនៅក្នុងបរិយាកាស រួមមាន ចំហាយទឹក ឧស្ម័នកាបូនិច (CO2) មេតាន (CH4) ឌឺអាសូតម៉ូណូអុកស៊ីត (N2O) អ៊ីដ្រូហ្លុយអរ៉ូកាបូន (HFCs) ពែរហ្លុយអរ៉ូកាបូន (PFCs) ស៊ុលភូអិចសាក្លរូ (SF6)។
នៅពេលដែលកម្តៅជះពីព្រះអាទិត្យមកលើផែនដី ស្រទាប់ឧស្ម័ននេះទប់កម្តៅមួយមួយផ្នែកមិនឱ្យភាយចេញទៅវិញ។ បើសិនជាស្រទាប់ឧស្ម័ននេះថយចុះទប់កម្តៅព្រះអាទិត្យបានតិច សីតុណ្ហភាព លើផែនដីក៏ធ្លាក់ចុះ ហើយបើសិនជាស្រទាប់ឧស្ម័ននេះកើនឡើង ទប់កម្តៅបានច្រើន វាក៏ធ្វើឱ្យសីតុណ្ហភាពកើនឡើង ដែលគេហៅថា ការឡើងកម្តៅរបស់ភពផែនដី (Global warming / Réchauffement climatique)។
ផលនៃការប្រែប្រួលអាកាសធាតុ អាចបង្កឱ្យកើតមាន ភ្លៀងធ្លាក់តិចឬច្រើន ការកើតកម្តៅខុសប្រក្រតី ខ្យល់ព្យុះខ្យល់កន្ត្រាក់ កង្វះទឹកស្អាតប្រើប្រាស់ ភ្លើងឆេះព្រៃ កសិផលកសិករធ្លាក់ចុះ ជំងឺភ្នែកនិងស្បែក គ្រោះទឹកជំនន់កើតឡើង ឬកើតមានបាតុភាពមិនប្រក្រតីផ្សេងៗ។ បច្ចុប្បន្នការប្រែប្រួលអាកាសធាតុ បានក្លាយជាប្រធានបទសំខាន់ដែលពិភពលោករួមគ្នារកដំណោះស្រាយ ដើម្បីបញ្ជៀសពីផលប៉ះពាល់ដែលនឹងអាចកើតមានគ្រប់ពេល។
សូមរំលឹកដែរថា ការប្រែប្រួលអាកាសធាតុហួសពីការរំពឹងទុក គឺជាការប្រែប្រួលទ្រង់ទ្រាយធំនៅក្នុងប្រព័ន្ធអាកាសធាតុដែលកើតឡើងក្នុងរយៈពេលពីរ ឬបីទសវត្សរ៍ ឬតិចជាងនេះ នឹងនៅបន្តកើតមាន ឬមានការប្រមើលមើលឃើញថា នៅតែបន្តកើតមានយ៉ាងហោចណាស់ក្នុងរយៈពេលពីរ ឬបីទសវត្សរ៍ ហើយបណ្ដាលឱ្យមានការរំខានយ៉ាងខ្លាំងដល់មនុស្សនិងធម្មជាតិ៕