អគ្គលេខាធិការអង្គការសហប្រជាជាតិជំរុញឱ្យប្រទេសទាំងអស់រួមដៃគ្នាកាត់បន្ថយការបំពុលអាកាសធាតុ
អេហ្ស៊ីប - ថ្លែងនៅក្នុងសន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP27 កាលពីថ្ងៃចន្ទ ទី០៧ ខែវិច្ឆិកាកន្លងទៅ លោក អង់តូនីញ៉ូ ហ្គូទែរស៍ (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងថា ពេលនេះពិភពលោកត្រូវតែរួបរួមគ្នាដើម្បីរកមធ្យោបាយកាត់បន្ថយការបំពុលអាកាសធាតុ ។ ប្រសិនបើបញ្ហានេះមិននាំគ្នាដោះស្រាយនោះទេ ច្បាស់ណាស់មនុស្សជំនាន់ក្រោយនឹងរងគ្រោះកាន់តែខ្លាំងពីបញ្ហាគ្រោះមហន្តរាយនានា ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុជាសកល ។
លោក អង់តូនីញ៉ូ ហ្គូទែរស៍ បានបញ្ជាក់បន្ថែមថា តុល្យការអាកាសធាតុ ពិភពលោក នារយៈពេលចុងក្រោយនេះ បានបង្ហាញឱ្យឃើញកាន់ច្បាស់ ពី គ្រោះមហន្តរាយធម្មជាតិ ។ អង្គការឧតុនិយមពិភពលោក បានបង្ហាញថា ការប្រែប្រួលអាកាសធាតុបានកើតឡើងយ៉ាងលឿនរហ័ស ដែលនឹងបង្កហានិភ័យដល់អាយុជីវិតមនុស្ស ព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅគ្រប់ទ្វីបទាំងអស់ ។ ជាក់ស្តែងរយៈពេលប្រាំបីឆ្នាំចុងក្រោយនេះ ភពផែនដីឡើងកម្តៅគួរឱ្យកត់សម្គាល់បណ្តាលមកពីផលនៃឧស្ម័នផ្ទះកញ្ចក់ ។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានបន្តទៀតថា តាមរយៈសន្និសីទកំពូលអន្តរជាតិស្តីពីអាកាសធាតុ COP27 ពិភពលោកទាំងមូល ទាំងប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវតែបង្កើតកតិកាសញ្ញារួមគ្នាមួយស្តីពីកិច្ចខិតខំប្រឹងប្រែងបន្ថែមដើម្បីកាត់បន្ថយការបំភាយឧស្ម័នពុលទៅបរិយាកាស ឬហៅសន្ធិសញ្ញាសាមគ្គីភាពអាកាសធាតុ ។
សន្ធិសញ្ញាសាមគ្គីភាពនេះ ប្រទេសអ្នកមាន ព្រមទាំងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិត្រូវផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសជួយប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីប៉ះប៉ូវការខូចខាតនានាបណ្តាលមកពីឥទ្ធិពលបម្រែបម្រួលអាកាសធាតុ និងបង្កើនល្បឿននៃការប្រើប្រាស់ថាមពលកកើតឡើងរបស់ពួកគេ ។ ទន្ទឹមគ្នានេះ ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេចំនួនពីរ គឺសហរដ្ឋអាមេរិក និងចិន ត្រូវតែមានទំនួលខុសត្រូវជាពិសេស ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងនេះក្លាយជាការពិត ។ នេះជាការបញ្ជាក់បន្ថែមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ។
លោក អង់តូនីញ៉ូ ហ្គូទែរស៍ ក៏បានរំលឹកដែរថា សព្វថ្ងៃមានប្រជាជនជាងពាក់កណ្តាលបីលាននាក់កំពុងរស់នៅក្នុងប្រទេសងាយរងគ្រោះខ្ពស់បណ្តាល់មកពីការប្រែប្រួលអាកាសធាតុ ។ ប្រទេសងាយរងគ្រោះទាំងនោះត្រូវការថវិកាចាំបាច់ ដើម្បីរៀបចំយន្តការសម្របខ្លួនទៅនឹងភាពធន់អាកាសធាតុ ។ តាមការគណនា ការងារអាកាសធាតុសកលនេះ ត្រូវការទឹកប្រាក់ប្រមាណ ៣០០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ មុនឆ្នាំ២០៣០ ។
គួរបញ្ជាក់ថា សន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២២ ហៅកាត់ថា សន្និសីទ UNFCCC ឬ COP27 លើកទី២៧ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា នៅទីក្រុង Sharm El Sheikh ប្រទេសអេហ្ស៊ីប ។ បណ្តាប្រមុខរដ្ឋ និងតំណាងប្រទេសប្រមាណជាង១៩០ បានចូលរួមសន្និសីទកំពូលនេះ ។
សូមរំលឹកថា កិច្ចពិភាក្សានៃសន្និសីទកំពូលខាងលើ គឺផ្តោតសំខាន់ទៅលើប្រធានបទជុំវិញបញ្ហាអាកាសធាតុជាច្រើន ក៏ប៉ុន្តែថ្ងៃពិភាក្សាដំបូងក្រុមប្រទេសកំពុងអភិវឌ្ឍន៍ទាមទារឱ្យប្រទេសអភិវឌ្ឍអនុវត្តសន្ធិសញ្ញាអន្តរជាតិ ស្តីពីការប្រែប្រួលអាកាសធាតុទីក្រុងប៉ារីស ដោយផ្តល់សំណងដល់ពួកគេ ។ យ៉ាងណាការផ្តល់សំណងនេះ គេមើលឃើញថា ស្ថិតនៅក្នុងស្ថានភាពពុំស្រុះដៃគ្នាឡើយ ដោយប្រទេសធំៗមួយចំនួនពុំទាន់ឯកភាពជាក់លាក់ ៕