កុមារកម្ពុជា ៣២នាក់ក្នុងចំណោម ១០០នាក់មានបញ្ហាកង្វះអាហារូបត្ថម្ភ
ភ្នំពេញ - លោក ហ៊ូ ក្រើន នាយករងអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិបានបញ្ជាក់ថា អាហារូបត្ថម្ភមានសារសំខាន់ណាស់លើការលូតលាស់និងការអភិវឌ្ឍន៍របស់ទារកនិងកុមារ។ អនុវត្តការចិញ្ចឹមទារកនិងកុមារបានពេញលេញ គឺធានាឱ្យមានអាហារូបត្ថម្ភល្អប្រសើរ ។ លោកថា កន្លងទៅកុមារកម្ពុជា ៣២នាក់ក្នុងចំណោម ១០០នាក់មានបញ្ហាកង្វះអាហារូបត្ថម្ភ។
នាយករងអង្គការ ហេទ្បែនខេលល័រ អន្តរជាតិ មានប្រសាសន៍បន្តថា ភស្តុតាងវិទ្យាសាស្រ្តបញ្ចាក់ច្បាស់ថាការបំបៅកូន ដោយទឹកដោះម្តាយភ្លាមអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាលរួចអាចទប់ស្កាត់មរណភាពទារកបានប្រហែល២០% ។ កុមារដែលបានទទួលការបំបៅដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់រយៈពេល៦ខែដំបូង អាចកាត់បន្ថយជំងឺរាករូសបាន ១១ដង និងជំងឺរលាកសួតបាន ១៥ដងបើប្រៀបធៀបជាមួយកុមារដែលមិនបានទទួលការបំបៅដោយទឹកដោះម្តាយ។
“អាណាព្យាបាលត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាបំផុតលើអាហារូបត្ថម្ភកុមារក្នុងរយៈពេល ១០០០ថ្ងៃដំបូង នៃជីវិត ពោលគឺចាប់ពីពេលទារកចាប់បដិសណ្ឋិរហូតដល់អាយុ ២ឆ្នាំ ព្រោះដំណាក់កាលនេះ ជាពេលដែលកុមារត្រូវការការលូតលាស់និងការអភិវឌ្ឍន៍ខ្លាំងទាំងផ្នែករាងកាយនិងសតិបញ្ញាស្មារតី” - លោក ហ៊ូ ក្រើន នាយករងអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ។
អ្នកជំនាញអារូបត្តម្ភរូបនេះ បានបញ្ជាក់បន្ថែមថា បើមានកំហុសឆ្គងក្នុងដំណាក់កាល ១០០០ថ្ងៃដំបូង នៃជីវិតកុមារ អាចពិបាកជួសជុលនិងកែខៃសុខភាពកុមារនៅថ្ងៃអនាគត។
សូមជម្រាបថា បញ្ហាកង្វះអាហារូបត្ថម្ភលើកុមារកម្ពុជានៅតែមានកម្រិតខ្ពស់នៅឡើយ គឺ៣២% បើទោះបីជាតួលេខនេះទាបជាងក្នុងឆ្នាំ២០១០ (៤០%) ក៏ដោយ ។ ទន្ទឹមគ្នានេះ ដើម្បីឆ្លើយតបនឹងបញ្ហាកង្វះអាហារូបត្ថម្ភ ការចិញ្ចឹមកុមារ និងទារក រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញានឹងបង្កើនអត្រាបំបៅកូនដោយទឹកដោះម្តាយភ្លាមអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាលឱ្យបាន ៦៨,៨% ក្នុងឆ្នាំ២០២៣ ។