មន្ត្រីជាន់ខ្ពស់សុខាភិបាល ៖ វិស័យសារព័ត៌មានជាកម្លាំងចលករលើកកម្ពស់ចំណេះដឹងអាហារសុខភាព

ថ្ងៃអង្គារ៍ ទី២២ ខែវិច្ឆិកា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 429
1

ភ្នំពេញ - លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាកំពុងទទួលបានជោគជ័យជាវិជ្ជមានលើការងារផ្សព្វផ្សាយសារអប់រំពីបញ្ហាកង្វះអាហារូបត្ថម្ភទៅកាន់សាធារណជន ។ លទ្ធផលប្រសើរកន្លងទៅនេះ កើតឡើងតាមរយៈការគាំទ្រយ៉ាងសកម្មពីវិស័យសារព័ត៌មាន និងដៃគូពាន់ព័ន្ធ ហើយអ្នកសារព័ត៌មានក៏ជាកម្លាំងចលករជួយពន្លឿនការងារលើកកម្ពស់ចំណេះដឹងស្តីពីរបបអាហារសុខភាពដល់ប្រជាជនកម្ពុជា ។ 

 

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល លើកឡើងដូចខាងលើនៅក្នុងសិក្ខាសាលាស្តីពីអាហារូបត្ថម្ភ និងប្រគល់ពានរង្វាន់ជូនអ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារ ទី២២ ខែវិច្ឆិកាកន្លងទៅ ខណៈក្រុមអ្នកសារព័ត៌មានជើងឯកអាហាររូបត្ថម្ភបានប្រមូលចងក្រង និងផ្សព្វផ្សាយអត្ថបទសារព័ត៌មានពាក់ព័ន្ធ បានជាង ៦០០អត្ថបទក្នុងរយៈពេលប្រាំពីរខែចុងក្រោយ នៃឆ្នាំ២០២២ ។ 

 

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍បញ្ជាក់ថា ៖ប្រជាជនកម្ពុជាចាប់ផ្តើមទទួលបានចំណេះដឹង និងអនុវត្តបានច្រើនទាក់ទងនឹងអាហារូបត្ថម្ភ ការចិញ្ចឹមទារកនិងកុមារ និងអាហារសុខភាពនានាតាមរយៈសារព័ត៌មាន  

 

ស្របគ្នានេះ លោកជំទាវវេជ្ជបណ្ឌិតបានបន្តថា ការចូលរួមរបស់អ្នកសារព័ត៌មាន បានជួយឱ្យមន្ត្រីជំនាញរាជរដ្ឋាភិបាល ឬអ្នកជំនាញជាតិ និងអ្នកជំនាញមកពីដៃគូអភិវឌ្ឍន៍ទាំងអស់ មានឱកាសផ្តល់សារអប់រំត្រឹមត្រូវតាមសុខាភិបាលជាច្រើនទៅកាន់សាធារណជន ។ 

 

ជាក់ស្តែង និន្នាការលើសទម្ងន់ ជំងឺធាត់ និងជំងឺមិនឆ្លងនានានៅកម្ពុជា ក៏បាននិងកំពុងតែកើតឡើងនៅតំបន់ទីក្រុងនិងជនបទមួយចំនួន ដែលជាកត្តាគំរាមកំហែងនិងរាំងស្ទះដល់និរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច ធនធានមនុស្ស និងការអភិវឌ្ឍន៍សង្គមជាតិ ។

 

សូមជម្រាបដែរថា លោកជំទាវវេជ្ជបណ្ឌិតទទួលបន្ទុកការងារលើកកម្ពស់អាហារូបត្ថម្ភជាតិ នៃក្រសួងសុខាភិបាល ក៏បានសំណូមពរបន្ថែមដល់ក្រុមអ្នកសារព័ត៌មានទាំងអស់ សូមជួយចងក្រង សរសេរ និងប្រមូលព័ត៌មានជុំវិញបញ្ហាចំណេះដឹងស្តីពីអាហារសុខភាពនៅកម្ពុជាបន្ថែមទៀត ដើម្បីបង្កើននិងជំរុញការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់ប្រជាជនគ្រប់ស្រទាប់ទាំងនៅទីក្រុង និងជនបទ ។ ជាក់ស្តែង ដូចជា និន្នាការកុមារលើសទម្ងន់ ជំងឺធាត់ជ្រុល និងជំងឺមិនឆ្លងនានានៅកម្ពុជាបណ្តាលមកពីការទទួលទានអាហារមិនត្រឹមត្រូវ ៕

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង