ផ្ទះសំណាញ់ជួយផ្គត់ផ្គង់បន្លែសរីរាង្គ និងផ្ដល់អាហារូបត្ថម្ភពេញលេញដល់សមាជិកគ្រួសារ

ថ្ងៃសុក្រ ទី១២ ខែមេសា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 219
1

កំពង់ធំ ការដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់បានផ្ដល់ផលវិជ្ជមានយ៉ាងច្រើនសម្រាប់កសិករ ។ ទន្ទឹមគ្នានេះ ការដាំដុះបន្លែក្នុងផ្ទះសំណាញ់កំពុងជួយឱ្យកសិករមានបន្លែសេរីរាង្គទទួលទានប្រចាំថ្ងៃ  ។ បន្លែសរីរាង្គទាំងនេះ បានជួយកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភ ព្រមទាំងជួយទ្រទ្រង់ដល់សុខភាពសមាជិកគ្រួសារទាំងមូល ។ កញ្ញា ឡាយ ណារី បុគ្គលិកសម្របសម្រួលសហគមន៍ នៃអង្គការហេឡែនខេល័រ អន្តរជាតិកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ខណៈកញ្ញាកំពុងបំពេញការងារសម្របសម្រួលការដាំដុះដំណាំកសិករ ក្នុងគម្រោងលើកកម្ពស់សន្តិសុខស្បៀងអាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ តាមរយៈកម្មវិធីផលិតកម្មស្បៀងជាលក្ខណៈគ្រួសារ នៅស្រុកតាំងគោក ស្រុកបារាយណ៍ និងស្រុកសន្ទុក ខេត្តកំពង់ធំ ។

 

ជុំវិញការដាំដុះបន្លែសរីរាង្គក្នុងផ្ទះសំណាញ់នេះ កញ្ញា ឡាយ ណារី បានបញ្ជាក់បន្ថែមថា ៖ ជាទូទៅកសិករដាំប្រភេទបន្លែស្លឹក និងបន្លែចម្រុះមុខនៅក្នុងផ្ទះសំណាញ់ ដែលបន្លែទាំងនេះផ្ដល់អាហារូបត្ថម្ភខ្ពស់ដល់រាង្គកាយ ព្រមទាំងមានតម្លៃថ្លៃលក់នៅលើទីផ្សារ ។ ការដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់មិនប្រើប្រាស់សារធាតុគីមីតាមរយៈការដាក់ជី ឬប្រើថ្នាំសម្លាប់សត្វល្អិតនោះទេ ។ ពោលគឺកសិករប្រើប្រាស់ជីធម្មជាតិសម្រាប់ដាំដុះ គួបផ្សំនឹងបច្ចេកទេសថែទាំយ៉ាងហ្មត់ចត់ ។  

 

កញ្ញា ឡាយ ណារី បានកត់សម្គាល់ថា កន្លងទៅកសិករក្នុងតំបន់តែងជ្រើសរើសបន្លែពីទីផ្សារ ដែលមិនមានប្រភពច្បាស់លាស់មកទទួលទាន ។ ផ្ទុយទៅវិញប្រភពបន្លែដែលដាំដុះចេញពីផ្ទះសំណាញ់ គឺបានបញ្ជាក់ពីប្រភពដាំដុះជាក់លាក់ ហើយអ្នកទទួលទានគួរទុកចិត្តបំផុត ។ ជាមួយគ្នានេះ ការបណ្ដុះបណ្ដាលឱ្យកសិករយល់ដឹងពីបច្ចេកទេសដាំដុះបន្លែសរីរាង្គ តាមរយៈការប្រើប្រាស់ផ្ទះសំណាញ់ បានជួយឱ្យកសិករយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃបន្លែសុវត្ថិភាព ព្រមទាំងជួយដល់សហគមន៍របស់ពួកគេឱ្យមានបន្លែសុវត្ថិភាព ។

 

“ពេលដែលយើងផ្តល់ផ្ទះសំណាញ់ជូនកសិករ យើងបានផ្តល់ការណែនាំពីវិធីសាស្ត្រដាំដុះ ការរៀបចំដី ការបណ្តុះកូន ការប្រើប្រាស់ជី ការប្រើប្រាស់ប្រព័ន្ធទឹកដោយសន្សំសំចៃ ព្រមទាំងការជ្រើសរើសពូជបន្លែដែលមានគុណភាព ។ ចំណេះដឹងទាំងនេះ កសិករគោលដៅអាចចែករំលែកទៅកាន់សមាជិកសហគមន៍ ឬអ្នកមានបំណងដាំបន្លែបន្តទៀត ព្រោះដាំបន្លែក្នុងផ្ទះសំណាញ់ គាត់ (កសិករ) អាចជ្រើសរើសបន្លែដែលមានអាយុកាលខ្លីឆាប់ប្រមូលផល ហើយមានតម្រូវការទីផ្សារខ្ពស់” ។  នេះបើតាមការបញ្ជាក់បន្ថែមរបស់កញ្ញា ឡាយ ណារី បុគ្គលិកសម្របសម្រួលសហគមន៍ នៃអង្គការហេឡែនខេល័រ អន្តរជាតិកម្ពុជា ។ 

 

បើតាមកញ្ញា កញ្ញា ឡាយ ណារី បានឱ្យដឹងថា អង្គការហេឡែនខេល័រ អន្តរជាតិកម្ពុជា កំពុងសម្របសម្រួលគាំទ្រឱ្យកសិករដាំដុះបន្លែនៅស្រុកគោលដៅចំនួនបីក្នុងខេត្តកំពង់ធំ រួមមាន ស្រុកតាំងគោក ស្រុកបារាយណ៍ និងស្រុកសន្ទុក ។ នៅតាមសហគមន៍កសិកម្មនីមួយៗ អង្គការហេឡែនខេល័រ អន្តរជាតិកម្ពុជា គ្រូបង្គោលទៅបណ្តុះបណ្តាល ហើយគ្រូបង្គោលអាចបណ្តុះបណ្តាលចំណេះដឹងកសិកម្មបន្តដល់សមាជិកសហគមន៍ ។ តាមរយៈការងារលើកកម្ពស់សន្តិសុខស្បៀងអាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ តាមរយៈកម្មវិធីផលិតកម្មស្បៀងជាលក្ខណៈគ្រួសារ កសិករគោលដៅបានបង្កើនផលិតកម្មស្បៀងនៅតាមគ្រួសារ ហើយបានកាត់បន្ថយការនាំចូលបន្លែពីខាងក្រៅចូលសហគមន៍ ។ 

 

គួរបញ្ជាក់ថា គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា ឬហៅកាត់ថា គម្រោង MUSEFO ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលសាធារណៈរដ្ឋសហពន្ឋ័អាល្លឺម៉ង់ តាមរយៈ អង្គការ GIZ ដែលបានចុះកិច្ចព្រមព្រៀងអនុវត្តជាមួយរាជរដ្ឋាភិបាលកម្ពុជា ។  គម្រោងលើកកម្ពស់សន្តិសុខស្បៀងអាហារូបត្ថម្ភនិងជីវភាពដល់គ្រួសារកសិករ ក្រីក្រតាមរយៈកម្មវិធីផលិតកម្មស្បៀងជាលក្ខណៈគ្រួសារ បានផ្តួចផ្តើមឡើងក្នុងគោលបំណងលើកកម្ពស់សន្តិសុខស្បៀង និងជីវិភាពរស់នៅរបស់គ្រួសារងាយរងគ្រោះក្នុងខេត្តកំពង់ធំ កំពត និងតាកែវ ដោយគាំទ្រសហគមន៍កសិកម្ម និងកសិករ ផ្តោតលើការពង្រឹងចំណេះដឹង និងបច្ចេកវិទ្យា ដើម្បីជួយដល់ការផលិត និងលក់អាហារចម្រុះមុខ មានជីវជាតិ និងសុវត្ថិភាពដល់អ្នកបរិភោគ ៕

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង