ខេត្តសៀមរាបទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុងពីក្រសួងអភិវឌ្ឍន៍ជនបទ

ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 150
1

សៀមរាប - សៀមរាបបានក្លាយជាខេត្តទី១០ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ឬខេត្តទទួលបាន ODF ដែលប្រកាសទទួលស្គាល់ជាផ្លូវការដោយក្រសួងអភិវឌ្ឍន៍ជនបទនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ ។ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍អបអរសាទរចំពោះជ័យលាភី និងបានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទបានកំណត់ចក្ខុវិស័យលើកម្ពស់គុណភាព និងគុណតម្លៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។

 

ខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ឬខេត្តទទួលបាន ODF គឺជាខេត្តដែលមានប្រជាជនគ្រប់ខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់ ដោយមានខ្នងផ្ទះភាគតិចបំផុតប្រើប្រាស់បង្គន់រួមគ្នា ។ នៅក្នុងព្រឹត្តិការណ៍នាព្រឹកនេះ តំណាងរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា ជោគជ័យដ៏ធំធេងលើការងារលើកកកម្ពស់អនាម័យជនបទនាពេលនេះ កើតឡើងដោយកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត អង្គការភ្លែនអន្តរជាតិកម្ពុជា អង្គការដៃគូនានា និងអង្គភាពពាក់ព័ន្ធ ។ 

 

សូមជម្រាបថា កន្លងទៅកម្ពុជាមានខេត្តចំនួនប្រាំបួនដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ឬខេត្ត ODF រួមមាន ខេត្តស្វាយរៀង ព្រៃវែង កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម និងខេត្តរតនគិរី ។ គិតត្រឹមចុងឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ មានផែនការសម្រេចជំរុញឱ្យខេត្តចំនួនបីទៀត ក្លាយជាខេត្តបញ្ជប់ការបន្ទោបង់ពាសវាលពាលកាល មានដូចជា ខេត្តត្បូងឃ្មុំ តាកែវ និងខេត្តស្ទឹងត្រែង ។

 

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង