សិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ស្តីពីការផ្តល់អាហារតាមសាលារៀនលើកទី១ នឹងរៀបចំនៅកម្ពុជា

ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 127
1

ភ្នំពេញ - នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស្តីពីការផ្តល់អាហារតាមសាលារៀន លើកទី១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកាខាងមុខនៅខេត្តសៀមរាប ។ សិក្ខាសាលាថ្នាក់តំបន់នេះ នឹងមានអ្នកចូលរួមប្រមាណ ១៣០នាក់មកពីប្រទេសចំនួន ១៣ រួមមាន ប្រទេសព្រុយណេ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម កម្ពុជា ជប៉ុន ចិន និងសាធារណរដ្ឋកូរ៉េ ។ 

 

សិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ស្តីពីការផ្តល់អាហារតាមសាលារៀនលើកទី១ ទទួលបានការគាំទ្រពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) និង KOICA ។ សិក្ខាសាលានេះ ធ្វើឡើងគោលបំណងដើម្បីចែករំលែកឧត្តមានុវត្តន៍នៃការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនពីបណ្តាប្រទេសក្នុងទ្វីបអាស៊ី, លើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃការផ្តល់អាហារតាមសាលារៀន, បង្កើនការវិនិយោគលើកម្មវិធីផ្តល់អាហារតាមសាលារៀន និងពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូរវាងរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍ។

 

គួរបញ្ជាក់ថា កន្លងទៅកម្មវិធីស្បៀងអាហារតាមសាលារៀនបានប្រើប្រាស់កសិផលពីសហគមន៍ ដើម្បីបង្កើតអាហារដែលមានសុវត្ថិភាព អាហារចម្រុះ និងមានជីវជាតិដល់កុមារ ។ អាហារទាំងនោះដាំដុះដោយកសិករខ្នាតតូច ដែលអាចផ្តល់ជាការគាំទ្រដល់ការផលិតនិងកែច្នៃផលិតផលកសិកម្មក្នុងស្រុក និងទីផ្សារបន្ថែមដល់កសិករ ។ ទន្ទឹមគ្នានេះ គិតត្រឹមរយ:ពេលបីខែពេញ រាប់ចាប់ពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០២៤ កម្មវិធីស្បៀងអាហារពិភពលោក (WFP) អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងក្រសួងអប់រំ យុវជន និងកីឡា កំពុងការសិក្សាពីឥទ្ធិពលនៃស្តង់ដាជីវជាតិរបស់របបអាហារនៅតាមសាលារៀនលើការអភិវឌ្ឍន៍របស់កុមារ ៕ 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង