យុទ្ធនាការ Together Actions for SDGs រួមគ្នាពង្រឹងសេដ្ឋកិច្ចបៃតងនៅកម្ពុជា
ភ្នំពេញ - កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (យូអិនឌីភី) និងក្រុមហ៊ុនអីអនម៉ល ខេមបូឌា បានចុះអនុស្សារណៈយោគយល់ស្តីពីការប្តេជ្ញាសហការពន្លឿនការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំងអស់គ្នា ឬ Together Actions for SDGs ដើម្បីពង្រឹងសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចចក្រនៅកម្ពុជា ។ យុទ្ធនាការរយៈពេលបីថ្ងៃនេះ ធ្វើឡើងនៅផ្សារទំនើបអីអនម៉ល សែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
លោកស្រី អាលីហ្សា ឆាកឃឺ អ្នកតំណាងយូអិនឌីភីប្រចាំកម្ពុជា មានប្រសាសន៍ថា យូអិនឌីភី និងក្រសួងបរិស្ថាន កំពុងសហការគ្នាដោះស្រាយវិបត្តិប្លាស្ទិក ។ អភិក្រមចម្រុះរបស់យូអិនឌីភីផ្តោតលើការពង្រឹងបរិយាកាសគោលនយោបាយប្រកបដោយបរិយាប័ន្ន ការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម និងការអភិវឌ្ឍអាជីវកម្ម ។
លោកស្រី អាលីហ្សា ឆាកឃឺ អ្នកតំណាងយូអិនឌីភី បានបន្តថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនសកម្មភានៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា ។ យូអិនឌីភីប្រចាំកម្ពុជា មានគោលបំណងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណល់ប្លាស្ទិកតាមរយៈការរៀបចំបទបញ្ញត្តិប្រកបដោយបរិយាប័ន្ន ការលើកកម្ពស់ការផ្លាស់ប្តូរឥរិយាបថ ការសាកល្បងដំណោះស្រាយអាជីវកម្មបែបវិលជុំ និងការពង្រឹងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៅតាមបណ្តាខេត្តមួយចំនួន ។
ចំណែកនាយកគ្រប់គ្រងផ្សារទំនើបអីអនម៉ល លោក Tsuboya Masayuki បាននិយាយថា ក្រុមហ៊ុនអីអនម៉ល ខេមបូឌា ប្ដេជ្ញាចិត្តលើកកម្ពស់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ពិសេសពាប់ព័ន្ធនឹងការគ្រប់គ្រងថង់ប្លាស្ទិក ។ ក្រុមហ៊ុនបានគាំទ្រសកម្មភាពការលើកកម្ពស់ការយល់ដឹង ការញែកសំណល់ និងគំនិតផ្តួចផ្តើមសាកល្បងការកែច្នៃប្លាស្ទិកឡើងវិញ ។
លោក Tsuboya Masayuki នាយកគ្រប់គ្រងផ្សារទំនើបអីអនម៉ល បានបញ្ជាក់បន្ថែមថា ៖ “យើងនឹងបន្តគាំទ្រដល់សកម្មភាពផ្សព្វផ្សាយដើម្បីកៀរគរប្រជាពលរដ្ឋ និងអាជីវកម្មនានាឱ្យចូលរួមពន្លឿនការអនុវត្តគោល ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងលើកកម្ពស់សកម្មភាពប្រកបដោយចីរភាពក្នុងការពន្លឿនសេដ្ឋកិច្ចចក នៅកម្ពុជា ដើម្បីដោះស្រាយការបំពុលដោយប្លាស្ទិក”។
គួរបញ្ជាក់ថា បច្ចុប្បន្នការបំពុលដោយប្លាស្ទិក គឺជាវិបត្តិបរិស្ថានជាសកលកំពុងបង្កហានិភ័យធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាពរបស់មនុស្ស ។ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ មនុស្សបានប្រើប្រាស់ថង់ប្លាស្ទិកនៅគ្រប់ទីកន្លែង ព្រោះថង់ប្លាស្ទិកផ្ដល់ភាពងាយស្រួល និងមានតម្លៃថោក ។ អ្វីដែលជាបញ្ហាចោទ គឺជារឿយៗ គេសង្កេតឃើញអ្នកប្រើប្រាស់បានដុតថង់ប្លាស្ទិក បោះចោលតាមដងផ្លូវ និងចោលទៅក្នុងប្រភពទឹកផ្សេងៗ ។ ការគ្រប់គ្រងថង់ប្លាស្ទិកមិនបានល្អ បានបង្កផលប៉ះពាល់អវិជ្ជមានដល់គុណភាពខ្យល់ទន្លេ និងមហាសមុទ្រ ព្រមទាំងធ្វើឱ្យខូចសោភណ្ឌភាពបរិស្ថានក្នុងរយៈពេលពេលមធ្យម ឬរយៈពេលវែងដែរ ៕