កម្មវិធីស្បៀងពិភពលោក និងក្រសួងអប់រំកំពុងរួមគ្នាកំណត់ស្តង់ដាអាហារូបត្ថម្ភកុមារនៅតាមសាលារៀន

ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា​ ឆ្នាំ២០២៤      ម៉ៅ សំណាង
ចែករំលែក
Views: 108
1

ភ្នំពេញ - នៅក្នុងសប្តាហ៍ទី៤ ខែសីហានេះ កម្មវិធីស្បៀងអាហារពិភពលោក (WFP) អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងក្រសួងអប់រំ យុវជន និងកីឡា កំពុងបញ្ចប់កម្មវិធីសាកល្បងស្តីពីស្តង់ដាអាហារូបត្ថម្ភនៅតាមសាលារៀន ដែលជាផ្នែកមួយនៃការសិក្សាពីឥទ្ធិពលនៃស្តង់ដាជីវជាតិរបស់របបអាហារសាលាលើការអភិវឌ្ឍន៍របស់កុមារ ។ អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានបង្ហាញថា កម្មវិធីសាកល្បងផ្តល់ស្តង់ដាអាហារូបត្ថម្ភនៅតាមសាលារៀន បានធ្វើឡើងរយ:ពេលបីខែពេញ រាប់ចាប់ពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០២៤ ដែលមានកុមារចំនួន ៥ពាន់នាក់ក្នុងសាលារៀនចំនួន២០ បានទទួលការបង្កើនរបបអាហាររបស់ខ្លួនមានជាតិប្រូតេអ៊ីន បន្លែ និងផ្លែឈើស្រស់ ស្របតាមស្តង់ដាអាហារូបត្ថម្ភដែលបានកំណត់ ។ 

 

 

អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា លទ្ធផលដែលទទួលបានពីការសិក្សាសាកល្បងនេះ នឹងត្រូវយកមកប្រៀបធៀបនឹងលទ្ធផលពីសាលារៀនចំនួន ២០ទៀតដែលអនុវត្តកម្មវិធីអាហារតាមសាលារៀនតាមបែបធម្មតា ។ ការប្រៀបធៀបលទ្ធផលនេះ នឹងបង្កើតគោលការណ៍ថ្មីមួយណែនាំអំពីរបបអាហារដែលកាន់តែល្អប្រសើរសម្រាប់កម្មវិធីអាហារតាមសាលារៀន និងប្រើប្រាស់ជាព៌ត៌មានសម្រាប់់ការតស៊ូមតិជាតិ ដើម្បីធ្វើឱ្យកម្មវិធីនេះកាន់តែមានប្រសិទ្ធភាពក្នុងការលើកកម្ពស់អាហារូបត្ថម្ភ និងអត្ថប្រយោជន៍សុខភាពសម្រាប់កុមារតូចៗ ។

 

ផ្អែកតាមព័ត៌មានរបស់ អគ្គលេខាធិការដ្ឋានក្រុមក្រុមប្រឹក្សាជាតិគាំពារសង្គម (NSPC) បានបង្ហាញថា កម្មវិធីផ្តល់អាហារតាមសាលារៀននៅកម្ពុជា កំពុងអនុវត្តនៅតាមសាលារៀនគោលដៅសរុបចំនួន ១ ១១៣សាលា ក្នុងខេត្តចំនួន ១០ ទូទាំងប្រទេស និងមានសិស្សទទួលផលសរុបប្រមាណ ៣សែននាក់ ។ កម្មវិធីបានអនុវត្តដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្រោមហិរញ្ញប្បទានរបស់មូលនិធិ McGovern-Dole នៃក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) និងដៃគូនានា ។ 

 

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០១៩ និងស្របតាមផែនការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម កម្មវិធីកម្មវិធីផ្តល់អាហារតាមសាលារៀននៅកម្ពុជា បានផ្ទេរការគ្រប់គ្រងការអនុវត្តជាបណ្តើរៗ ពីកម្មវិធីស្បៀងអាហារពិភពលោក មកក្រោមការដឹកនាំអនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡាវិញ ។ គិតត្រឹមឆ្នាំ២០២៣ រាជរដ្ឋាភិបាលសម្រេចទទួលយកសាលាគោលដៅមកក្រោមការគ្រប់គ្រងអនុវត្តរបស់ក្រសួងអប់រំបានចំនួន ៤២៧ សាលាក្នុងខេត្តចំនួន១០ រួមមាន សៀមរាប កំពង់ធំ ព្រះវិហារ បាត់ដំបង ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងឧត្តរមានជ័យ ដែលមានសិស្សទទួលផលចំនួន ១១០,៦៤៥ នាក់។ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលពង្រីកសាលារៀនគោលដៅបន្ថែមចំនួន ១២៦ សាលាថែមទៀត ដែលនឹងនាំឱ្យសាលារៀនគោលដៅអនុវត្តកម្មវិធីនេះមានចំនួនសរុប ៥៥៣សាលារៀន ៕

 

 

 

អត្ថបទពេញនិយម
អត្ថបទដែលទាក់ទង